(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី ដោះស្រាយករណីវិវាទដីធ្លីអស់ជាច្រើនករណី នៅសល់ជិត១០០០ករណីទៀតនឹងត្រូវដោះស្រាយ ដែលជាករណីមិនមានភាពរសើបផ្នែកនយោបាយ ឬអសន្តិសុខផ្នែកសេដ្ឋកិច្ច។

ការលើកឡើងបែបនេះរបស់លោក ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីបើកសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ដែលបានធ្វើឡើងនៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រៅពីការបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិហើយនោះ ការងារដែលត្រូវបន្តអនុវត្តទៅមុខ គឺគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មសង្ហារឹម ដើម្បីធានាឱ្យឧស្សាហកម្មទាំងនេះបានដំណើរការទៅមុខ ពីព្រោះទាំងនេះគឺជាយន្តការសម្រាប់បង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។

លោក បានបញ្ជាក់អំពីការងារជាយុទ្ធសាស្រ្តអាទិភាពមួយចំនួនរបស់ក្រសួង ក្នុងនោះមានការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗតាមរយៈការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «បច្ចុប្បន្នករណីវិវាទដីធ្លីត្រូវបានដោះស្រាយអស់ជាច្រើនករណី និងបានធ្លាក់ចុះមកនៅសល់ត្រឹមក្រោម ១០០០ករណីប៉ុណ្ណោះ ដែលជាករណីមិនមានភាពរសើបផ្នែកនយោបាយ ឬភាពរសើបដែលបណ្ដាលឱ្យមានអសន្តិសុខផ្នែកសេដ្ឋកិច្ចនោះទេ»

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្រែក្លាយរាល់សេវាទាំងអស់របស់ក្រសួង ដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋប្រមាណ៥០០មុខ ឱ្យទៅជាសេវាដែលប្រើប្រាស់តាមរយៈប្រព័ន្ធ digitalទាំងអស់ ទាំងផ្នែកសុរិយោដី ផ្នែកសំណង់និងផ្នែកផ្សេងៗជាច្រើនទៀត ដែលសេវាទាំងនេះហៅថាសេវាគាប់ចិត្ត សម្រាប់ប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់តាមប្រព័ន្ធអនឡាញ។

ចំពោះទន្លេសាប ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កត់ធ្ងន់ថា ត្រូវមានកាតព្វកិច្ចក្នុងការថែរក្សាមរតកនេះ ទុកសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋបន្តជំនាន់, ដោះស្រាយបញ្ហាទិញដីនិងផ្ទះក្នុងបុរីសម្រាប់ប្រជាពលរដ្ឋ និងត្រូវអនុវត្តគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋ ក្នុងតំបន់បេតិកភណ្ឌនៅខេត្តសៀមរាប ដែលយុទ្ធសាស្ត្រទាំងនេះជាបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឱ្យប្រជាពលរដ្ឋគ្រប់រូបមានទ្រនំសុភមង្គល មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើមានប្រាក់ចំណូលសមរម្យ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នានិងរស់នៅប្រកបដោយភាពសុខដុមរមនា។

ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រី បានចាត់ទុកសន្តិភាពថាជាអង្គរទី២ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់មរតកនេះមកដល់ប្រជាពលរដ្ឋ ដូច្នេះសម្រាប់យើងទាំងអស់គ្នា ពីពេលនេះតទៅមុខក្នុងសហសម័យកម្ពុជា យើងត្រូវរិះរកវិធីសាស្រ្តបន្តរៀបចំទីក្រុង ផ្ទះសំបែងនិងស្រុកទេសរបស់យើងឱ្យបានល្អ ដើម្បីធានាដល់ការរស់នៅ និងភាពរីកចម្រើនរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិបន្តទៀត៕