(កែប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តិភាពកម្ពុជា-វៀតណាម និងលោកស្រី ង្វៀង ធីថាញ់ ប្រធានសមាគមមិត្តិភាពវៀតណាម-កម្ពុជា សហប្រធានបានដឹកនាំកិច្ចប្រជុំ នៃសមាគមប្រទេសទាំងពីរ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបានរៀបចំឡើងនៅសណ្ឋាគារវ៉ាការ៉ាកែប នាព្រឹកថ្ងៃសុក្រទី៦ ខែធ្នូ ឆ្នាំ២០២៤។ 

ថ្លែងនៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងថា ទំនាក់ទំនងការទូតទ្វេភាគី មកដល់ពេលនេះមានរយៈពេល៥៧ឆ្នាំ ដែលបានបង្កើតឡើង ដោយគោរពស្រឡាញ់គ្នាជាបងប្អូន និងបានរីកចម្រើនយ៉ាងខ្លាំង ជាពិសេស នៅក្នុងដំណាក់កាលថ្មី ដែលប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ បានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ ការពារជាតិ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ និងវិទ្យាសាស្ត្រ។ ជាពិសេសការពង្រឹងនូវចំណងមិត្តភាព កិច្ចសហប្រត្តិការព្រំដននៃប្រទេសទាំងពី ដើម្បីរក្សាបានព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកស្រី ង្វៀង ធីថាញ់ បានលើកឡើងថា បន្ទាប់ពីសមាគមមិត្តភាពវៀតណាម-កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីសកម្មភាពសម្របសម្រួល រវាងសមាគមទាំងពីរ ដំណាក់កាលឆ្នាំ ២០២២-២០២៧ បានបង្ហាញថា ប្រទសទាំងពីរ បានយកចិត្តទុក្ខដាក់លើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើសកម្មភាពមិត្តភាព រវាងប្រជាជន និងប្រជាជន រវាងខេត្តជាប់ព្រំដែន និងការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងធុរកិច្ច និងក្លឹបធុរកិច្ច នៃសមាគមទាំងពីរ។

តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញអំពីការពង្រឹងនូវចំណងនៃទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដោយបានជំរុញការកែលម្អបន្ថែមទៀត នូវគុណភាព និងប្រសិទ្ធភាពនៃការសម្របសម្រួលរវាងសមាគមទាំងពីរ ក្នុងការដើរតួនាទីជាស្ពាន ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងប្រពៃណី នៃសាមគ្គីភាព និងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជន នៃប្រទេសទាំងពីរ៕