(សៀមរាប)៖ អ្នកសារព័ត៌មានម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងកែច្នៃ បណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

ក្រោយកើតហេតុ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធទាំងអស់ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ទើបកំណត់បានអត្តសញ្ញាណ និងនាំខ្លួនជនសង្ស័យម្នាក់ ស៊ី លឿយ អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប យកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ី លឿយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែន ដោយកន្លងមកជនរងគ្រោះឈ្មោះ ឈឿង ឈឹង ជាអ្នកសារព័ត៌មានតែងតែថតរូប និងមកទារប្រាក់ពីខ្លួនថ្លៃដឹកឈើ ហើយថែមទាំងនិយាយថា បើមិនឲ្យប្រាក់ទេ នោះរូបគេ និងរាយការណ៍ទៅមន្ត្រីបរិស្ថាន ដោយទារប្រាក់ក្នុងមួយជើង២០,០០០រៀល រូបខ្លួនធ្លាប់បង់ប្រាក់ឲ្យទៅជនរងគ្រោះ ចំនួនពីរដងស្មើនិងចំនួន៤០០០០រៀល។ ប៉ុន្តែក្រោយមកជនរងគ្រោះ ចេះតែមកទារប្រាក់ទៀត ដោយរូបខ្លួនរកប្រាក់មិនបាន ទើបរូបខ្លួនខឹងជនរងគ្រោះ។

នៅថ្ងៃកើតហេតុ រូបខ្លួនបានបើកគោយន្តកន្ត្រៃ ទៅស្រែនៅស្វាយប៉ា ស្ថិតក្នុងភូមិត្រពាំងភ្លោះ ដោយរូបខ្លួនបានយកអាវុធកែច្នៃ (កាំភ្លើងឆ្នុក) ដាក់ទៅជាមួយ ក្រោយពេលទៅដល់ស្រែរហូតដល់ម៉ោង១៦៖៣០នាទី ក៏បើកគោយន្តកន្ត្រៃត្រឡប់មកផ្ទះវិញ ដល់ចំណុចផ្លូវបំបែកត្រពាំងរាំង ស្ថិតភូមិត្រពាំងភ្លោះ ពេលនោះម៉ោងប្រហែល១៨៖០០នាទី ក៏បានឃើញឈ្មោះ ឈឿង ឈឹង និងគ្នាគាត់ម្នាក់ទៀតមិនស្គាល់ឈ្មោះ ឈប់ម៉ូតូចំនួន២គ្រឿង នៅមាត់ផ្លូវ រូបខ្លួនក៏បើកគោយន្តកន្រ្តៃ ទៅមុខបានប្រហែលជាង១០០ម៉ែត្រ ដោយគិតថាឈ្មោះ ឈឿង ឈឹង មកទារប្រាក់ ទើបមានកំហឹងក៏ឈប់គោយន្ត ហើយយកកាំភ្លើងឆ្នុកដើរទៅស្ទាក់ផ្លូវជនរងគ្រោះ ដោយពួនក្បែរគល់ឈើមាត់ផ្លូវ លបចាំបាញ់ជនរងគ្រោះ។

ភ្លាមនោះជនរងគ្រោះ និងអ្នករួមដំណើរបានជិះម៉ូតូ សំដៅទៅផ្ទះដោយជនរងគ្រោះជិះមុខ រូបខ្លួនបានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះ មួយគ្រាប់ចំខ្លួន ក្រោយពេលធ្វើសកម្មភាពហើយបានរត់ត្រឡប់មកយកគោយន្ត ជិះគេចខ្លួនមកផ្ទះតែម្តង។ ចំពោះគោលបំណង ដែលខ្លួនបាញ់ជនរងគ្រោះនេះបំណងបាញ់ឲ្យរបួស ដើម្បីឲ្យរាងចាលកុំឲ្យដើរទារប្រាក់គេបន្តទៀត។

ក្នុងនោះ សមត្ថកិច្ចដកហូតបាន គោយន្តកន្ត្រៃ ចំនួន១, កាំភ្លើងកែច្នៃ (កាំភ្លើងឆ្នុក) ចំនួន១, កាណុងសេកាសេ ចំនួន១ដើម, កូនកាំបិតចំនួន១, គ្រាប់កាំកង់ ចំនួន៦៤គ្រាប់, គីប (ក្បាលគ្រាប់រំសេវសំបកក្រហម) ចំនួន៦២គ្រាប់, កូនសោលេខ១០ ចំនួន២ និងកាបូបស្ពាយចំនួន១, រំសេវកន្លះដប។ បច្ចុប្បន្នជនដល់ដៃដល់ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងចាត់ការតាមនីតិវិធី៕