(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍បញ្ជាក់ថា ការងារឌីជីថលូបនីយកម្ម ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ដែលត្រូវដាក់ឱ្យអនុវត្តគ្រប់ទីកន្លែង ដើម្បីភាពទំនើបកម្មរហ័សទាន់ពេលវេលា និងងាយស្រួល។
ការលើកឡើងរបស់លោក បានធ្វើឡើងនាឱកាសដែលលោក និងថ្នាក់ដឹកនាំក្រសួង បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Tania Meyer នាយកប្រចាំប្រទេសនៃធនាគារពិភពលោក (The World Bank) ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនៃជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងស្វាគមន៍លោកស្រីនាយកប្រចាំប្រទេស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានបង្ហាញនូវជំហរ និងស្មារតីបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងធ្វើការងារជាមួយគ្នាបន្ថែមទៀតក្នុងវិស័យកសិកម្ម។
ជាមួយគ្នានេះ លោក ក៏បានលើកឡើង ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ក្នុងការរក្សាស្ថេរភាពថ្លៃកសិផលសម្រាប់ប្រជាកសិករ និងអ្នកប្រើប្រាស់ ការដាក់ពង្រាយមន្រ្តីកសិកម្មភូមិ-ឃុំ ដែលជាជំនួយការរបស់ប្រជាកសិករ ជួយទៅលើផ្នែកបច្ចេកទេស និងការរាយការណ៍នូវបញ្ហាប្រឈមផ្សេងៗ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត មានផែនការច្បាស់លាស់ ទទួលបានកម្ចីដើមទុនការប្រាក់ទាប អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មានការគាំទ្របច្ចេកទេសជាប្រចាំពីក្រសួង និងការគាំពារពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ។
លើសពីនេះ លោកបានធ្វើការណែនាំអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ «មានហូប មានប្រើ មានបាន និងមានរហូត»។
ទន្ទឹមនឹងនេះ លោក ឌិត ទីណា បានគូសបញ្ជាក់ថា កម្ពុជាមានកសិផលសក្តានុពលជាច្រើន ដែលត្រូវការការកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ប្រការសំខាន់ការប្រកួតប្រជែងនេះ គឺផ្តោតសំខាន់ទៅលើគុណភាពល្អប្រណិត រសជាតិឆ្ងាញ់ អនាម័យខ្ពស់ លក់ក្នុងតម្លៃថ្លៃ និងទទួលបានតម្លៃបន្ថែមខ្ពស់ ដោយមិនប្រកួតប្រជែងបរិមាណឡើយ។
ពាក់ព័ន្ធនឹងការងារឌីជីថលូបនីយកម្ម លោក ក៏បានលើកឡើងថា ការងារនេះគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ដែលត្រូវដាក់ឱ្យអនុវត្តគ្រប់ទីកន្លែងដូចជាការអនុវត្តការងារប្រចាំថ្ងៃរបស់មន្រ្តីរាជការ គ្រឹះស្ថានអប់រំ ការងារមន្រ្តីភូមិ-ឃុំ សហគមន៍កសិកម្មទំនើប និងកសិករនៅមូលដ្ឋានជាក់ស្តែង សុទ្ធសឹងតែត្រូវការដើម្បីអនុវត្តការងារមានភាពទំនើបកម្ម រហ័សទាន់ពេលវេលា និងមានភាពងាយស្រួល។
ក្នុងការងារនេះ ក្រុមការងារធនាគារពិភពលោកអាចពិនិត្យលទ្ធភាព ក្នុងការចូលរួមជំរុញកម្មវិធីផ្សេងៗដែលអាចប្រើប្រាស់បានទូលំទូលាយ មានការគ្រប់គ្រងច្បាស់លាស់ និងអាចជួលជុលថែទាំបានប្រកបដោយប្រសិទ្ធភាព។
ជាថ្មីម្ដងទៀត លោក ឌិត ទីណា មានសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តគម្រោងអភិវឌ្ឍនានាជាមួយធនាគារពិភពលោក ជាពិសេសជាមួយលោកស្រី Tania Meyer ប្រកបដោយលទ្ធផលផ្លែផ្កា និងទទួលជោគជ័យទាំងអស់គ្នា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕