(ភ្នំពេញ)៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារដើម្បីសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា គណៈប្រតិភូធុរជន និងវិនិយោគិន រួមទាំងអ្នកសារព័ត៌មានមកពីប្រទេសស៊ែប៊ី បានបង្ហាញចំណាប់អារម្មណ៍ពីសក្តានុពលទេសចរណ៍ និងការលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យទេសចរណ៍នៅកម្ពុជា។
ជាក់ស្ដែង នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី JOVANA MAJSTOROVIC ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកសម្រាប់តំបន់អាស៊ី សហព័ន្ធរុស្សី និងបណ្តាប្រទេសឯករាជ្យនៃ Commonwealth នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មស៊ែប៊ី (Chamber of Commerce and Industry of Serbia) ព្រមទាំងគណៈប្រតិភូធុរជន និងវិនិយោគិន រួមទាំងអ្នកសារព័ត៌មានមកពីប្រទេសស៊ែប៊ី ចូលជួបពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍។
កិច្ចជំនួបនេះមានបំណងស្វែងយល់ពីសភាពការណ៍នយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ចពិតរបស់កម្ពុជា ជាពិសេសអំពីសក្តានុពលទេសចរណ៍ និងការលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យទេសចរណ៍ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា៕