(ភ្នំពេញ)៖ លោក OM BIRLA ប្រធានរដ្ឋសភានៃប្រទេសឥណ្ឌា បានផ្ញើលិខិតចូលរួមអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។​

លិខិតរបស់ប្រធានរដ្ឋសភាឥណ្ឌា មានខ្លឹមសារដូច្នេះថា «សម្តេចជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ ! សូម សម្តេចទទួលនូវការចូលរួមអបអរសាទរ ដោយស្មោះអស់ពីដួងចិត្តរបស់ខ្ញុំ ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ប្រទេសយើងទាំងពីរ មានទំនាក់ទំនងស្និទ្ធស្នាល និងមិត្តភាព ដោយឈរលើការជឿទុកចិត្តគ្នា និងសុច្ឆន្ទៈទៅវិញទៅមក ហើយខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយសម្តេច ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងសភារវាងប្រទេសយើងទាំងពីរ។

ក្នុងទិវាដ៏វិសេសវិសាលនេះ ខ្ញុំសូមជូនពរ សម្តេច សូមមានសុខភាព និងសុខុមាលភាពល្អបរិបូរណ៍ និងសូមបន់ស្រន់ជូនប្រជាជនកម្ពុជា បន្តទទួលបាននូវវឌ្ឍភាព និងវិបុលភាពថ្មីៗបន្ថែមទៀត។ សូម សម្តេច ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»