(ភ្នំពេញ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសការគាំទ្រពេញទំហឹងចំពោះការអភិវឌ្ឍសំណង់ព្រែកជីកហ៊្វូណនតេជោ និងការប្រកាសនោះគឺច្បាស់ណាស់ ដែលនឹងផ្តាច់ការសង្ស័យទាំងឡាយណាដែលតែងនិយាយថា សំណង់ព្រែកជីកតម្លៃ ១,៧០០លានដុល្លារនោះនឹងមិនអាចមានដំណើរការទៅមុខបាននោះទេ។ Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅលើបញ្ហានេះ...
ក្នុងដំណើរទស្សនកិច្ច៣ថ្ងៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន, លោកប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍ព្រែកជីកហ៊្វូណនតេជោ ដែលត្រូវបានចាប់ផ្តើមបុកគ្រឹះកសាងតាំងពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចដែលចាប់ផ្តើមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានបង្កើតព្រឹត្តិការណ៍ថ្មីជាប្រវត្តិសាស្ត្រមួយទៀតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបញ្ចប់នយោបាយភូតកុហក របស់ក្រុមជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី។
ក្រុមជ្រុលនិយម និងមេខ្លោងឈ្មោះ សម រង្ស៊ី ដែលមិនចង់ឃើញប្រទេសកម្ពុជារីកចម្រើនក្រោមការកាច់ចង្កូតរបស់គណបក្សប្រជាជនកម្ពុជានោះ បានស្រែកដោយរវើរវាយម្តងហើយម្តងទៀតថា សំណង់ព្រែកជីកហ៊្វូណនតេជោ នឹងមិនអាចធ្វើទៅបានតាមគម្រោងឡើយ ។ ពួកក្រុមជ្រុលនិយមនេះ ដើម្បីតែនយោបាយប្រជាភិថុតិ បានព្យាយាមបំពងម្តងនិយាយថា ប្រទេសចិនមិនគាំទ្រលើការផ្តល់លុយជីកព្រែកហ៊្វូណនតេជោ ជាប្រវត្តិសាស្ត្រនោះឡើយ និងក្រោយមកទៀតបានបំពងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្ស័យធនគ្មានលុយក្នុងការដឹកនាំជាតិ និងក៏គ្មានថវិកាធ្វើសំណង់ព្រែកជីកហ៊្វូណនតេជោ នោះដែរ បើទោះបីជារាជរដ្ឋាភិបាល បានបដិសេធការចោទនោះ ជាច្រើនលើកច្រើនសារថាវាមិនមែនជាការពិតក៏ដោយ។
ក្រុមជ្រុលនិយមទាំងនេះ មិនដែលស្តាប់បាននូវសម្តីភាសារបស់ខ្មែរគ្នាឯងនោះទេ។ ក្រុមជ្រុលនិយម មានទម្លាប់ស្តាប់តែបរទេសនិយាយតែប៉ុណ្ណោះ។ ការប្រកាសគាំទ្រពេញទំហឹងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង លើគម្រោងព្រែកជីកហ៊្វូណនតេជោនេះ នឹងរំពឹងការផ្តាច់រាល់ការសង្ស័យ និងបញ្ឈប់រាល់ការនិយាយដ៏រវើរវាយរបស់ក្រុមជ្រុលនិយម និងមេខ្លោង សម រង្ស៊ី នោះទៀតហើយ។
*ពាក្យកុហក និងពាក្យភូតភរច្រើនតែងចាញ់អាត្មា
ការនិយាយកុហក ភូតភរ និងប្រឌិតព័ត៌មានញុះញង់ គឺជានយោបាយរបស់ក្រុមជ្រុលនិយម សម រង្ស៊ី។ តាមពិតការរិះគន់ស្ថាបនា ដែលមានការទទួលខុសត្រូវ គឺជាទង្វើរបស់ប្រទេសនីមួយៗ ដែលអនុវត្តនូវដំណើរការលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែសម្តីនិយាយដោយគ្មានការទទួលខុសត្រូវរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលបង្កើតតែព័ត៌មានបំពុល ដើម្បីតែការចង់ផ្តួលរំលំរាជរដ្ឋាភិបាល តាមរបៀបចលនាបដិវត្តពណ៌នោះ គឺមិនមែនជារបៀបរិះគន់ដែលស្ថាបនានោះឡើយ។
ក្រុមជ្រុលនិយម ដើម្បីការប៉ុនប៉ងផ្តួលរំលំការដឹកនាំរាជរដ្ឋាភិបាល ដែលជាប់ឆ្នោតតាមរយៈការបោះគាំទ្រ៥ឆ្នាំម្តង ដោយប្រជាជនទូទាំងប្រទេសនោះ ថ្មីៗនេះទៀតនៅបានប្រកាសបង្កើតចលនាតស៊ូ ជាមួយនឹងការលបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅស្រុករបស់ខ្លួនថែមទៀត ដែលទង្វើនោះកាន់តែបង្ហាញថាពួកក្រុមជ្រុលនិយមទាំងនោះ មិនមានឆន្ទៈក្នុងការចង់ផ្លាស់ប្តូររបៀបរបបដឹកនាំប្រទេសកម្ពុជាតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលពិភពលោកចង់បានឡើយ។
ទង្វើប្រឆាំងដ៏លេលាជាមួយការប្រឌិតព័ត៌មាននិយាយកុហក និងប្រឌិតញុះញង់នោះ តាមពិតវាកាន់តែបន្សាបឥទ្ធិពលរបស់ខ្លួនឯងនោះទៅវិញទេ។ ពាក្យនិយាយកុហក ភូតភរ ញុះញង់ ដែលគ្មានការពិតទាំងនោះហើយ ត្រូវបានសកម្មជនដែលធ្លាប់គាំទ្រជាច្រើនទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក បាននាំគ្នាដើរចាកចេញ និងប្រកាសលែងចួលរួមជាមួយក្រុមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី។ ការចាកចេញដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះ គឺជាលទ្ធផលនូវអ្វីដែលចាស់បុរាណខ្មែរ តែងនិយាយថា «ពាក្យភូតភរកុហក តែងចាញអាត្មា» និងលទ្ធផលទាំងនេះ ក៏ជាសារកាន់តែបង្ហាញប្រាប់ពិភពលោកឱ្យបានឃើញម្តងបន្តិចៗថា ក្រុមប្រឆាំងមួយក្តាប់តូច ដែលពួកគេធ្លាប់តែគាំទ្រកាលពីមុននោះ តាមពិតគឺជាក្រុមដែលបន្លំខ្លួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ក្រុមប្រឆាំងជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ ត្រូវបាននយោបាយឈ្នះ-ឈ្នះ បកអាក្រាតម្តងបន្តិចៗបង្ហាញថា ពួកគេគឺជាក្រុមជ្រុលនិយមធាតុពិតជាពួកប្រឆាំង ដែលមានចរឹតចង់តែបំផ្លាញជាតិខ្មែរខ្លួនឯងតែប៉ុណ្ណោះ ដើម្បីតែគំនុំសងសឹកបុគ្គល។
ផ្អែកតាមគម្រោងដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា សំណង់ព្រែកជីកហ៊្វូណនតេជោ នឹងត្រូវបញ្ចប់ក្នុងអម្លុងឆ្នាំ២០២៨។ គម្រោងដែលមានការអះអាងគាំទ្រពេញលេញពីថ្នាក់ដឹកនាំរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិននេះ បានបង្ហាញកាន់តែច្បាស់នូវសមត្ថភាពនយោបាយការបរទេសដ៏ខ្លាំងពូកែរបស់រាជរដ្ឋាភិបាលកម្ពុជា និងធ្វើឱ្យពលរដ្ឋខ្មែរកាន់តែជឿជាក់ លើការដឹកនាំប្រទេសក្រោមការកាច់ចង្កូតរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងរាជរដ្ឋាភិបាលបច្ចុប្បន្ន។
* ឥទ្ធិពលគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលកាន់តែលេចធ្លោ
ស្ថានភាពរបស់ពិភពលោក ដែលកំពុងកើតមានសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសក្នុងដំណាក់កាល កាន់តែតានតឹងនាចុងឆ្នាំ២០២៤ បានធ្វើឱ្យមានក្តីបារម្ភចំពោះស្ថិរភាពនយោបាយសេដ្ឋកិច្ចរបស់សកលលោក ដែលកំពុងស្ថិតក្នុងសភាពមិនទាន់ច្បាស់លាស់ល្អនៅឡើយទេ ប៉ុន្តែរបត់នយោបាយការបរទេសកម្ពុជា ដែលអាចធ្វើឱ្យថ្នាក់ដឹកនាំកំពូលនៃប្រទេសចិន បានសន្យាការគាំទ្រឥតងាករេរបស់ខ្លួនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងការសន្យាគាំទ្រពេញទំហឹងលើគម្រោងព្រែកជីកហ៊្វូណនតេជោ នោះទៀតគឺបានបង្ហាញថា ប្រទេសមហាអំណាចចិននៃលំដាប់សេដ្ឋកិច្ចដ៏ធំរបស់ពិភពលោកគ្មានការសង្ស័យលើរបត់ដឹកនាំនយោបាយជាតិក្រោមការកាច់ចង្កូតរបស់គណបក្សប្រជាជនកម្ពុជាឡើយ។ តាមរយៈនេះ ការដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជា ក្រោមនយោបាយរាជរដ្ឋាភិ បាលអាណ្ណត្តិទី៧ នឹងត្រូវគេរំពឹងថានឹងស្ថិតក្នុងដំណើរទៅមុខយ៉ាងរលូន និងសម្រេចនូវគោលដៅរបស់ខ្លួនជាមិនខានឡើយ។
* ដំណើរថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បង្ហាញនូវសកម្មភាពជាប្រវត្តិសាស្ត្រមួយទៀត ដែលបន្សាបឥទ្ធិពលនយោបាយក្រុមប្រឆាំង
សកម្មភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវគេឃើញបានភ្ជាប់នឹងព្រឹត្តិការណ៍២ធ្នូ ជាច្រើនលើកគួរឱ្យកត់សម្គាល់។ ដំណើរចាកចេញថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ជាលើកដំបូងបង្អស់ក្នុងនាមប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ បន្សាបការឃោសនាមិនពិតរបស់ក្រុមជ្រុលនិយម ដែលនិយាយថារាជរដ្ឋាភិបាលកម្ពុជាក្ស័យធន មិនអាចមានថវិកាកសាងសំណង់ព្រែកជីកហ៊្វូណនតេជោបាន។ ដំណើរទស្សនកិច្ចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយទៀត ដែលផ្សារភ្ជាប់សកម្មភាពរបស់សម្តេចតេជោ បន្សាបការនិយាយកុហករបស់ក្រុមជ្រុលនិយមផង និងក៏មានការលើកឥទ្ធិពលនៃនយោបាយការបរទេសជាតិឱ្យកាន់តែលេចធ្លោថែមទៀត ក្រោមរបត់ដឹកនាំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជាប្រធាន។
រហូតមកទល់នឹងពេលនេះ មានព្រឹត្តិការណ៍២ធ្នូ មួយចំនួនហើយ ដែលផ្សាភ្ជាប់ភាពលេចធ្លោនៃប្រវត្តិសកម្មភាពការងាររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនោះរួមមាន ព្រឹត្តិការណ៍២ធ្នូ ឆ្នាំ១៩៧៨ ការបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលក្រោយមកបានប្តូរមកជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា», ព្រឹត្តិការណ៍ ២ធ្នូ ឆ្នាំ១៩៨៧ នៃជំនួបចរចា «សីហនុ-ហ៊ុនសែន» លើកដំបូងនៅក្នុងក្រុង Fere-en Tardenois នៃប្រទេសបារាំង, ព្រឹត្តិការណ៍ ២ធ្នូ ឆ្នាំ១៩៩៨ ដែលសម្តេចតេជោ បានដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ, ព្រឹត្តិការណ៍២ធ្នូ ឆ្នាំ២០២០ នៃដំណើរទស្សនកិច្ចបញ្ច្រាសទិស ដែលបានជួយជីវិតពលរដ្ឋខ្មែរ ឱ្យរួចចាកផុតពីជ្រោះមរណៈនៃការស្លាប់រាលដាលដោយសារជំងឺ Covid-19 និងព្រឹត្តិការណ៍២ធ្នូ ឆ្នាំ២០២១ ដែលតាមរយៈមាត់ទិព្វរបស់សម្តេចតេជោ ហ៊ុន សែន គាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីតាមរយៈការបោះឆ្នោតនោះ បាននាំឱ្យការឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មានលក្ខណៈភ្លូកទឹក ភ្លូកដី។ គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងអាសនៈក្នុងរដ្ឋសភា សរុប១២០កៅអី ក្នុងចំណោម១២៥។ បណ្ឌិត ហ៊ុន ម៉ាណែត ក្រោយមកត្រូវបានព្រះមហាក្សត្រព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ និងព្រះមហាក្សត្រ បានត្រាស់បង្គាប់ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣៕