(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការបង្កើតចលនាតស៊ូនៅក្រៅប្រទេសរបស់ ទណ្ឌិត សម រង្ស៉ី ក្នុងកាលៈទេសៈបច្ចុប្បន្ននេះដែលក្រៅប្រព័ន្ធបោះឆ្នោត គឺជាការប៉ុនប៉ង អូសទាញប្រទេសកម្ពុជា ឲ្យធ្លាក់ដើរថយក្រោយរាប់សិបឆ្នាំ។
លោក ប៉ែន បូណា បានលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ការបង្កើតចលនាតស៊ូនយោបាយក្រៅស្រុក» នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោក ប៉ែន បូណា បានគូសបញ្ជាក់ថា អ្វីដែលគួរឲ្យហួសចិត្តថែមទៀតនោះ អ្នកដែលបង្កើតចលនាតស៊ូក្រៅប្រព័ន្ធបោះឆ្នោតបានអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យ។ លោកយល់ថា មិនមានប្រជាធិបតេយ្យឯណាដែលផ្ដួលរលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតនោះ ព្រោះខុសពីគោលការណ៍ប្រជាធិបតេយ្យ ហើយគ្មានទេក្នុងពិភពលោកនេះ។
បើតាមលោក ប៉ែន បូណា, ការបង្កើតចលនាតស៊ូនៅក្រៅប្រទេសធ្វើឲ្យប្រជាពលរដ្ឋនឹកឃើញអំពីរបៀបធ្វើនយោបាយដោយប្រើប្រាស់ប្រជាពលរដ្ឋ ជាពិសេសសកម្មជន, អ្នកគាំទ្ររបស់ខ្លួនជាឈ្នាន់ដើម្បីឈោងចាប់អំណាច។ លោកចាត់ទុកថា នេះជានយោបាយដ៏ចាស់កម្រិល និងហួសសម័យ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងទៀតថា នៅក្នុងស្រុកទណ្ឌិត សម រង្ស៉ី ជាអ្នកដែលមានជំនាញដើរញុះញង់ បំផ្ទុះកំហឹង បង្កហិង្សាក្នុងសង្គម ដែលគេហៅបុគ្គលរូបនេះថាជា «ដង្ខៅបាតុកម្ម»។ លោកបន្ថែមថា ទណ្ឌិតរូបនេះ តែងដើរញុះញង់ និងមានគោលបំណងបញ្ឆេះកំហឹង ធ្វើឲ្យមានហិង្សាវឹកវរក្នុងសង្គម និងធ្វើឲ្យមានមនុស្សរបួស បង្ហូរឈាម និងមានមនុស្សស្លាប់ថែមទៀត។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្តថា ទណ្ឌិត សម រង្ស៉ី តែងតែបង្កបញ្ហានៅក្នុងស្រុក ដែលទង្វើនេះផ្ទុយស្រឡះពីរាជរដ្ឋាភិបាល ខិតខំរក្សាសន្តិភាព និងថែរក្សាសេចក្ដីសុខរបស់ប្រជាពលរដ្ឋ៕