(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពី លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យ ពិភាក្សា ស្តីពីការផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤-២០២៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងថា កិច្ចប្រជុំអន្ដរក្រសួង ស្ថាប័ន ដើម្បីឲ្យសេចក្ដីព្រាងនេះកាន់តែគ្រប់ជ្រុងជ្រោយ និងឆ្លើយតបគ្រប់ទិដ្ឋភាពទាំងនយោបាយ និងបច្ចេកទេស ជាពិសេសគឺធ្វើយ៉ាងណាឲ្យមានសកម្មភាពការងាររបស់គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្រាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន។

នាយឧត្តមសេនីយ៍អគ្គលេខាធិការ បានថ្លែងអំណរគុណគ្រប់ក្រសួង ស្ថាប័ន វិស័យសាសនា វិស័យឯកជន និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាអនុវត្តផែនការជាតិ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ទៅតាមវិស័យរៀងៗខ្លួនដោយទទួលបានជោគជ័យ និងសមិទ្ធផលគួរឲ្យកត់សម្គាល់ ទោះជាកន្លងមកប្រទេសកម្ពុជា ក៏ដូចពិភពលោកជួបនូវវិបត្តិជំងឺកូវីដ១៩ ដ៏ដោយ។

ដើម្បីបន្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យកាន់តែមុតស្រួចបន្ថែមទៀត ដោយមានការចូលរួមជាកម្លាំងសរុប មធ្យោបាយសរុប នោះ អគ្គលេខាធិការដ្ឋាន នៃអ.ជ.ប.គ.ញ បានទទួលនូវគោលការណ៍ និងអនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីបន្តរៀបចំកសាងនូវផែនការយុទ្ធសាស្ត្រស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន (ឆ្នាំ២០២៤-២០២៨)។ តាមពិតសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន (ឆ្នាំ២០២៤-២០២៨) ត្រូវបានរៀបចំឡើងពុំមានលក្ខណៈចាកឆ្ងាយពីមូលដ្ឋានគ្រឹះ នៃផែនជាតិមុនៗនោះឡើយ និងត្រូវបានក្រុមការងារ រៀបចំកសាងឡើងដោយគិតគ្រប់ទិដ្ឋភាពទាំងទម្រង់បច្ចេកទេស ក្របខណ្ឌនយោបាយ និងទិដ្ឋភាពជាក់ស្ដែង ដែលមានក្នុងប្រទេស តំបន់ និងសកលលោក។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអះអាងថា កិច្ចប្រជុំមួយព្រឹកនេះ បានឆ្លុះបញ្ចាំងគ្រប់ទិដ្ឋភាពនៃធាតុចូលរួចនឹងបន្តសហការទំនាក់ទំនងគ្នា ដើម្បីឲ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន (ឆ្នាំ២០២៤-២០២៨) នេះ នឹងត្រូវបានពិនិត្យសម្រេចរួចរាល់ ជូនថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិនិត្យសម្រេច។

ពាក់ព័ន្ធនឹងកិច្ចការនេះ ក្នុងនាមអគ្គលេខាធិការដ្ឋាន នៃអ.ជ.ប.គ.ញ និងក្រុមការងាររៀបចំសេចក្តីព្រាងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន (ឆ្នាំ២០២៤-២០២៨) របស់អគ្គលេខាធិការដ្ឋាន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានស្នើឲ្យសមាជិក សមាជិកាទាំងអស់ រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពរបស់ខ្លួន ដើម្បីជូនជ្រាប និងស្នើសុំផ្ដល់ជាសំណេរមកអគ្គលេខាធិការដ្ឋាន ចំពោះករណីដែលមានយោបល់ស្នើសុំបន្ថែមនូវសកម្មភាព ឬធាតុចូលសម្រាប់កិច្ចប្រជុំនេះ៕