(បន្ទាយមានជ័យ)៖ លោក ឯក វណ្ណឌី រដ្ឋលេខាធិការតំណាងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងលោក ងិន វណ្ណាវឌ្ឍន៍ ជាប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ជំនួសលោក ចៅ វ៉ិត ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។
កម្មវិធីនេះមានវត្តមានចូលរួមពីសំណាក់លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និង ឯលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមន្ទីរ-ស្ថាប័នជុំវិញខេត្ត សរុបប្រមាណ ២១០នាក់។
ជាមួយគ្នានេះ រដ្ឋលេខាធិការ ឯក វណ្ណឌី បានអបអរសាទរចំពោះលោក ងិន វណ្ណាវឌ្ឍន៍ ដែលត្រូវប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ថ្មី នាពេលនេះ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្ត ត្រូវខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលបន្ថែមទៀត៕