(ស្ទឹងត្រែង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភគ្រឿងឧបភោគ​បរិភោគជូនដល់កងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១។

គ្រឿងឧបភោគបរិភោគទាំងនេះ ត្រូវបាននាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី យកទៅប្រគល់ជូនដល់កងទ័ពកងពល​តូច​អន្តរាគមន៍លេខ១២៨ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន បាននាំយកការផ្ដាំផ្ញើសួរ​សុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កងទ័ពទាំងអស់នៃ​កងពលតូចអន្តរា​គមន៍លេខ១២៨ផងដែរ។

កងពលតូចអន្តរាគមន៍លេខ១២៨ ជាកងពលមួយនៃយោធភូមិភាគទី១ ដែលឈរជើងការពារបូរណភាពទឹកដីនៅតាមព្រំដែនរវាងកម្ពុជា និងឡាវ មានឧត្ដមសេនីយ៍ទោ មៀច សាមុត ជាមេបញ្ជាការ។

ឧត្ដមសេនីយ៍ទោ មៀច សាមុត បានបញ្ជាក់ថា គ្រឿងឧបភោគ បរិភោគនេះ នឹងប្រើសម្រាប់ការងារមនុស្សធម៌ ជូនសមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬគ្រួសារយោធិន ដែលមានការខ្វះខាត ឬជួបគ្រោះមហន្តរាយផ្សេងៗ។

ឧត្ដមសេនីយ៍ទោ មៀច សាមុត បានគោរពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងជាប់​ជា​ប្រចាំសម្រាប់កងទ័ពឈរជើងការពារបូរណភាពទឹកដី ក៏ដូចជាសមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមាន​ជីវភាពខ្វះខាត ជនងាយរងគ្រោះ និងអ្នកទទួលរងគ្រោះដោយគ្រោះ​មហន្ដរាយផ្សេងៗ៕