(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ បានជំរុញឱ្យបើកច្រកព្រំដែនថ្មីរវាង​ប្រទេសទាំងពីរ នៅក្នុខេត្តរតនគិរីរបស់កម្ពុជា និងខេត្តអាត់តាពើរបស់ឡាវ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ការដឹកជញ្ជូន ក៏ដូចជាការ​តភ្ជាប់ប្រជាជនរវាងប្រទេសទាំងពីរ។

ការជំរុញនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។

ក្រៅពីជំរុញឱ្យបើកច្រកព្រំដែនថ្មីរវាងខេត្តរតនគិរី និងខេត្តអាត់តាពើ​ហើយ​នោះ ក្នុងជំនួបដដែលនោះ នាយករដ្ឋមន្ត្រីទាំងពីរប្រទេសទាំងពីរ បានលើក​ទឹកចិត្តឱ្យបណ្តាក្រសួង និងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរពន្លឿនការ​ជ្រើស​រើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (ខេត្តព្រះវិហារ)-ទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ថ្នាក់ដឹកនាំទាំងពីរមានជំនឿយ៉ាងមុតមាំថា ស្ពាននេះនឹងរួមចំណែក​សម្រួល​ដល់​​ការដឹកជញ្ជូន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភា្ជប់ប្រជាជ​ន និងប្រជាជន រវាងប្រទេសទាំងពីរ ក៏ដូចជាការតភ្ជាប់នៅក្នុងមហាអនុតំបន់​មេគង្គ​ផងដែរ៕