(ភ្នំពេញ)៖ នៅវេលាម៉ោង១៥៖០០នាទី រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងគណៈប្រតិភូចិន បានអញ្ជើញទៅដល់ព្រះបរមរាជវាំង ដើម្បីគាល់សម្តេចម៉ែ ព្រះបរមនាថ នរោត្តម មុនីនាថសីហនុ និងព្រះករុណា ព្រះបាទសម្តេច នររោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
អំឡុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗមួយចំនួន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «លោកប្រធានាធិបតីចិន Xi Jinping បានអញ្ជើញមកដល់ប្រទេស កម្ពុជាប្រកបដោយសុវត្ថិភាពហើយ។ ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី Xi Jinping គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការពង្រឹង និងពង្រីកមិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសយើងជាបងប្អូនទាំងពីរកម្ពុជា-ចិន»៕