(ភ្នំពេញ)៖ ប្រតិភូរដ្ឋាភិបាល និងពាណិជ្ជករឡាវ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនកិច្ចសិក្សា និងស្វែងយល់អំពីប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជាដំបូងគេ នៅមន្ទីរពេទ្យកុមារជាតិ ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅពីនាយកមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស និងលោកស្រី ប៉ុង លឹមសាន ស្ថានិក និងប្រធាននាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង។
ការចុះមកទស្សនសិក្សារបស់ឡាវ នូវប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជានេះ ស្របពេលដែលឡាវបានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង កាលពីខែតុលា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។
ចំពោះដំណើរទស្សនកិច្ចនេះផងដែរ លោកនាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងឲ្យដឹងថា ការចុះមកទស្សនកិច្ចរបស់ប្រតិភូរដ្ឋាភិបាលឡាវ គឺជាស្វែងយល់ដ៏ល្អ ព្រោះថាប្រទេសយើងទាំងពីរ គឺបែបផែនការនៃការងារមិនសូវខុសគ្នាប៉ុន្មាននោះទេនៅលើវិស័យសុខាភិបាល។
លោកបន្ដថា «ការប្រើប្រាស់ប្រព័ន្ធឌីជីថល វាជាបរិបទថ្មីដើម្បីដើរឱ្យទាន់ពិភពលោក។ ជាក់ស្ដែងបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង គឺមានគុណប្រយោជន៍ខ្ពស់ក្នុងបង្កើតភាពងាយស្រួលដល់គ្រូពេទ្យ ក៏ដូចជាអ្នកជំងឺ ទាំងចងក្រងឯកសារ និងដឹងពីប្រវត្ដិរបស់អ្នកជំងឺដោយមិនបាច់ចំណាយពេលក្នុងការសួរនាំច្រើន និងឯកសារជាក្រដាសនោះទេ ដែលជាផ្នែកមួយបម្រើសេវាថែទាំសុខភាដល់ប្រជាពលរដ្ឋកាន់តែប្រសើរ និងមានទំនុកចិត្ដខ្ពស់។ សម្រាប់អ្នកជំងឺកាន់តែងាយស្រួល គឺទទួលបានសាររំលឹកត្រូវត្រឡប់មកជួបវេជ្ជបណ្ឌិតវិញ ទទួលបានវេជ្ជបញ្ជាឌីជីថល និងការជូនដំណឹងអំពីការលេបថ្នាំតាមវេជ្ជបញ្ជារបស់ពួកគាត់ តាមកាលវិភាគបានណែនាំ។ ជាងនេះទៅទៀត អ្នកជំងឺទទួលបានអត្ថបទគន្លឹះថែទាំជឿទុកចិត្តប្រចាំថ្ងៃ ពីប្រភពច្បាស់លាស់ និងវេជ្ជបណ្ឌិតជំនាញ»។
លោកសាស្ដ្រាចារ្យបានបន្ដឱ្យដឹងថា មន្ទីរពេទ្យកុមារជាតិទាំងមូល បានប្រតិបត្តិការបែបឌីជីថលពេញលេញចាប់តាំងពីឆ្នាំ២០២២។ អ្នកជំងឺ ដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យឥឡូវនេះ គឺទទួលបានកំណត់ត្រាឌីជីថលពីមន្ទីរពេទ្យ ហើយអាចរក្សាទុកបែបឌីជីថលលើស្មាតហ្វូនរបស់អ្នកជំងឺផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យា ពេទ្យយើង បង្កើតឡើងដោយស្នាដៃកូន តាំងពីឆ្នាំ២០១៥ បច្ចុប្បន្នបានចាប់ដៃគូជាមួយពេទ្យរដ្ឋ និងឯកជន និងបានពង្រីកទីផ្សារនៅបណ្តាប្រទេសសមាជិកអាស៊ាន និងបានបោះជំហានទៅបើកការិយាល័យកណ្តាលថ្មីនៅសហរដ្ឋអាមេរិក ដើម្បីពង្រីកសេវាកម្មបច្ចេកវិទ្យាសុខាភិបាលរបស់ខ្លួនទៅទីផ្សារនៅអាមេរិក និងពិភពលោកផងដែរ ដើម្បីចូលរួមចំណែកដល់ការកែលម្អប្រព័ន្ធថែទាំសុខភាពបែបឌីជីថល និងលើកម្ពស់ការថែទាំសុខភាពកាន់តែប្រសើរ ហើយបង្ករបរិយាកាសទទួលសេវាសុខាភិបាលកាន់តែងស្រួល តាមជម្រើសថ្មី ជម្រើសឌីជីថលតាមអែប ពេទ្យយើង e-Health ID ។នេះបើតាមការបញ្ជាក់របស់លោកស្រី ប៉ុង លឹមសាន។
លោកស្រីបន្ដ បច្ចុប្បន្នពេទ្យយើងបានចាប់ដៃគូជាមួយឡាវ ដែលយកកម្មវិធីពេទ្យយើង ទៅប្រើប្រាស់នៅក្នុងប្រព័ន្ធសុខាភិបាលរបស់ឡាវផងដែរ។ ដូច្នេះហើយទើបប្រតិភូឡាវចុះមកស្វែងយល់ពីការប្រើប្រាស់ដោយផ្ទាល់នៅមន្ទីរពេទ្យកុមារជាតិ ដើម្បីជាពិសោធន៍ជាក់ស្ដែងមួយសម្រាប់យកទៅអនុវត្ដន៍ប្រទេសរបស់ខ្លួន។
លោកស្រីបានបញ្ជាក់ថា «ប្រព័ន្ធសុខាភិបាលឌីជីថល គឺជាបង្កើននូវគុណភាពបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលប្រជាជន និងគុណភាពជីវភាព ពិសេសកសាងធនធានមនុស្សប្រកបដោយសុខភាពល្អ។មកទល់នឹងបច្ចប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យា ពេទ្យយើង បានចាប់ដៃគូនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនទូទាំងប្រទេសកម្ពុជា ហើយសម្រាប់បណ្ដាប្រទេសល្បីៗនៅពិភពលោក ចំនួន៥ ប្រទេសហើយ រួមមាន៖ អាមេរិក សិង្ហបុរី ថៃ ឡាវ និងវៀតណាម»។
សូមជម្រាបថា ការចុះមកទស្សនកិច្ចនៅមន្ទីរពេទ្យកុមារជាតិនេះ គឺស្របពេលប្រតិភូមកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំដោយ លោក Sonexay Siphandone នាយករដ្ឋមន្ត្រី មកបំពេញទស្សកិច្ចជាផ្លូវរដ្ឋ និងធ្វើជាសហប្រធានវេទិកាធុរកិច្ចកម្ពុជា-ឡាវ នៅរាជធានីភ្នំពេញ ជាមួយសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕