(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា បានផ្តើមរឹតបន្តឹង ចំពោះម្ចាស់ហាងលក់ និងជួសជុល បរិក្ខារវិទ្យុទាក់ទង ដែលបានបើកធ្វើអាជីវកម្ម គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ឲ្យអញ្ជើញទៅសុំវិញ្ញាបនបត្រ ប្រចាំឆ្នាំសម្រាប់លក់ និងជួសជុលបរិក្ខារវិទ្យុទាក់ទង នៅនិយ័តករទូរគមនាគមន៍កម្ពុជា។
និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា កាលដែលម្ចាស់អាជីវកម្មលក់ និងជួសជុល បរិក្ខារវិទ្យុទាក់ទង មិនបានអនុវត្តន៍តាមគោលការណ៍និយ័តករ ទូរគមនាគមន៍កម្ពុជា គឺបណ្ដាលឲ្យមានផលបះពាល់ យ៉ាងច្រើនដូចជា បង្កឲ្យមានការឆ្លងរំខានហ្វ្រេកង់ស៍ ដល់អ្នកប្រើប្រាស់ឧបករណ៍វិទ្យុទាក់ទង រួមមានអ្នកដែលគេទទួលសិទ្ធិកាន់កាប់ប្រើប្រាស់ សមត្ថកិច្ច និងអជ្ញាធរមានសមត្ថកិច្ច និងបង្កឲ្យរំខានដល់កិច្ចការសន្តិសុខជាតិ និងកិច្ចការពារសណ្តាប់ធ្នាប់សាធារណៈ។
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករ ទូរគមនាគមន៍កម្ពុជា បានថ្លែងប្រាប់ Fresh News ថា «ករណីដែលអាជីវករ ម្ចាស់ហាងលក់ និងជួសជុលបរិក្ខារវិទ្យុទាក់ទងមិនមកចុះបញ្ជី ស្របតាមការណែនាំ និយ័តករទូរគមនាគមន៍កម្ពុជានោះ យើងនឹងធ្វើការស្នើសុំកំលាំងជំនាញរបស់ នាយកដ្ឋានវិទ្យុទាក់ទង អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងអគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះទៅធ្វើការពន្យល់ណែនាំ និងពន្យល់ពីហេតុផល នៃផលប៉ះពាល់លើករណី ដែលគាត់មិនព្រមមកចុះបញ្ជីនេះ ស្របតាមច្បាប់ ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិជាធរមាន ប៉ុន្តែមិនទាន់មានច្បាប់ ឬបទប្បញ្ញត្តិ ដើម្បីដាក់ទោសទណ្ឌ ទៅលើពួកគាត់នៅឡើយទេ»។
លោកបានបន្ដទៀតថា «ករណីដែលពួកគាត់នៅតែរឹងរួស និងបន្ដធ្វើឲ្យប៉ះពាល់ដល់កិច្ចការសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈនោះ បុគ្គលនោះត្រូវទទួលខុសត្រូវ ចំពោះក្របខណ្ឌព្រហ្មទណ្ឌ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខជាតិ និងការការពារសណ្តាប់ធ្ឋាប់សាធារណៈ»។
សូមបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៥ នាយកដ្ឋានជំនាញនៃនិយ័តករទូរគមនគមន៍កម្ពុជា និងនាយកដ្ឋានវិទ្យុទាក់ទង អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានចុះទៅពិនិត្យមើលហាងលក់ និងជួសជុលបរិក្ខាវិទ្យុគមនាគមន៍ នៅក្នុងរាជធានីភ្នំពេញ ចំនួនប្រមាណ២៦ហាង ប៉ុន្តែមានតែហាងចំនួន០៦ ប៉ុណ្ណោះ ដែលបានមកចុះបញ្ជី និង ទទួលបានវិញ្ញាបនបត្រត្រឹមត្រូវ តែ២០ហាងទៀតមិនបាចុះបញ្ជីនិងមានវិញ្ញាបនបត្រឡើយ៕