Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីទេសចរណ៍ទាក់ទាញឲ្យទីភ្នាក់ងារទេសចរណ៍ធំនៅហុងកុងនិងម៉ាកាវ មកស្វែងយល់ពីកម្ពុជា និងគោលដៅទេសចរណ៍ ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចជូនភ្ញៀវទេសចរ

05-12-2024 19:57

(ហុងកុង)៖ តាមរយៈទស្សនកិច្ចនៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សា និងបានទាក់ទាញឲ្យទីភ្នាក់ងារទេសចរណ៍ធំនៅហុងកុងនិងម៉ាកាវ មកស្វែងយល់ពីកម្ពុជា និងគោលដៅទេសចរណ៍ ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចជូនភ្ញៀវទេសចរ។

គួរជម្រាបថា ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅតំបន់រដ្ឋបាលពិសេសហុងកុង លោករដ្ឋមន្ត្រី ហួត ហាក់ និងគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយលោកអនុរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ កីឡា និងទេសចរណ៍ នៃតំបន់រដ្ឋបាលពិសេសហុងកុង លោកប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ហុងកុង តំណាងការិយាល័យទេសចរណ៍តំបន់រដ្ឋបាលពិសេសម៉ាកាវ តំណាងក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និងក្រុមហ៊ុន Hong Kong Airlines, នាយកប្រតិបត្តិនៃទីភ្នាក់ងារទេសចរណ៍ធំ និងល្បីៗក្នុងទីផ្សារហុងកុងនិងម៉ាកាវ ព្រមទាំងក្រុមហ៊ុនប្រឹក្សាយោបល់ក្នុងគម្រោង Disneyland Hong Kong សរុបជាង៣០។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដែលមានស្ថិរភាព និងល្អប្រសើរ ជាពិសេសសក្តានុពលទេសចរណ៍កម្ពុជា ដោយបង្ហាញជូននូវវីដេអូនិងរូបថតគោលដៅទេសចរណ៍សំខាន់ៗ និងស្រស់ស្អាត។

តាមរយៈជំនួបនេះ បណ្តាក្រុមហ៊ុនបានជម្រាបជូនលោករដ្ឋមន្រ្តី ហួត ហាក់ ពីចំណាប់អារម្មណ៍ សំណូមពរ និងគម្រោងស្នើសុំធ្វើដំណើរមកស្វែងយល់ពីប្រទេសកម្ពុជា និងគោលដៅទេសចរណ៍ ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចថ្មីបន្ថែមជូនអតិថិជនរបស់ខ្លួន នាពេលឆាប់ៗខាងមុខ៕