(ភ្នំពេញ)៖ ឧកញ៉ាចិត្តធម៌ ហុង ពីវ អគ្គនាយកក្រុមហ៊ុន ពិភពថ្មីគ្រុប បាននឹងកំពុងរៀបចំបែបបទ ដើម្បីបញ្ជូនទារិកាម្នាក់ ដែលមានជំងឺភ្នែកទៅប្រទេសសិង្ហបុរី បើទោះបីចំណាយ១០ម៉ឺន ទៅ២០ម៉ឺនដុល្លារ ឬក៏ច្រើនជាងនេះ ក៏លោកឧកញ៉ា ត្រូវតែចំណាយដែរ។
បើតាម Facebook Page នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះលោកឧកញ៉ា បានបញ្ជាក់ថា «ខ្ញុំឧកញ៉ា ហុង ពីវ សូមជម្រាបជូនដំណឹងដល់បណ្តាប្រិយមិត្ត ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម Facebookទាំងអស់ឲ្យបានជ្រាបថា កន្លងមកមានពាក្យដែលនិយាយថា បើគ្មានប្រាក់ចំនួន១,៨០០ដុល្លារ ក្នុងរយៈពេល២ថ្ងៃនោះទេ ភ្នែករបស់ទារិកា ម៉ីម៉ី នឹងមើលលែងឃើញ ទាំងនេះសុទ្ធតែជាពាក្យមិនត្រឹមត្រូវទេ។
ឥឡូវនេះខ្ញុំកំពុងរៀបចំបែបបទ ដើម្បីបញ្ជូនទារិកា ម៉ីម៉ី ទៅពិនិត្យព្យាបាលនៅប្រទេសសិង្ហបុរី ហើយបើទោះជាត្រូវចំណាយ១០ម៉ឺន ទៅ២០ម៉ឺនដុល្លារ ឬក៏ច្រើនជាងនេះ ក៏ខ្ញុំត្រូវតែចំណាយដែរ ប៉ុន្តែការព្យាបាលជាសះស្បើយ ឬក៏យ៉ាងណានោះ គឺអាស្រ័យលើជោគវាសនារបស់ទារិកា ម៉ីម៉ី ជាអ្នកកំណត់»។
ប៉ុន្ដែអ្វីដែល អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មិនទាន់អស់ចិត្តនោះ គឺក្មេង២នាក់បងប្អូនបង្កើត ដែលមានជំងឺភ្នែកដូចទារិកានេះ មិនទាន់មានពន្លឺសប្បុរសធម៌ជួយ សង្គ្រោះនោះទេ ហើយពេលនេះ អ្នកប្រើប្រាស់ Facebook បាននឹងកំពុងចែករំលែកព័ត៌មាននេះតៗគ្នា ដើម្បីស្វែងរកសប្បុរជន ក្នុងការជួយសង្គ្រោះ ដែលពួកគេរំពឹងថា ថ្នាក់ដឹកនាំ និងលោកឧកញ៉ា ផ្សេងៗ បានឃើញនឹងជួយសង្គ្រោះដូចទារិកាម្នាក់នេះ។
សូមរំលឹកថា កាលពីពេលកន្លងទៅថ្មីនេះ មានគ្រួសារអភ័ព្វមួយ បានធ្វើអំពាវនាវរកសប្បុរសជនជួយថ្លៃវះកាត់ និងពិនិត្យព្យាបាល ព្រោះពេលខ្លះរកលុយទិញម្ហូបមិនបានផង។ គ្រួសារអភ័ព្វនេះ រស់នៅភូមិបាត់តាជី ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ម្ដាយរបស់ក្មេងអភ័ព្វ ឈ្មោះ ឈិន ថារី អាយុ៣០ឆ្នាំ និងឪពុកឈ្មោះ ឌួង សំណាង អាយុ៣៨ឆ្នាំ មុខរបរជាលក់ផ្កា បានប្រាប់ឲ្យដឹងថា កូនរបស់គាត់ទាំង២នាក់នេះ ទី១-ជាកូនស្រី ឈ្មោះ ឌូង បញ្ញា អាយុ១៤ឆ្នាំ និងទី២-ជាកូនប្រុស ឈ្មោះ ឌួង លីហៀង អាយុ២ឆ្នាំ មានជំងឺភ្នែកតាំងពីកំណើតមកម្ល៉េះ ហើយគាត់ធ្លាប់បានយកកូនទៅបកភ្នែក រួចមកហើយ ប៉ុន្ដែមិនជានោះទេ។
ម្ដាយឪពុកក្មេងកំសត់ បានបញ្ជាក់ទៀតថា កូនរបស់គាត់មិនអាចទៅរៀនបាននោះទេ ក៏ព្រោះតែភ្នែកមើលមិនឃើញ ហើយគាត់ពិបាកចិត្តខ្លាំងណាស់ មិនដឹងរកអ្នកណាឲ្យជួយបាននោះទេ ហើយពេលនេះគាត់សំពះ អង្វរ រកសប្បុរសជន ឲ្យជួយដល់គ្រួសារ ដ៏អភ័ព្វរបស់គាត់ផង។ បើសប្បុរសជនណាមានទឹកចិត្តជួយសង្គ្រោះក្មេងទាំង២នាក់ អាចទាក់ទងមកលេខទូរស័ព្ទ 070 999 015៕