(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០២៤ ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ បាននាំយកភាពយន្តទៅចាក់បញ្ចាំង នៅវិទ្យាល័យជាស៊ីមឈូកវ៉ា ស្ថិតនៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី Xu Xiaoxia (អរុណ ) អគ្គនាយិកា នៃវិទ្យុមិត្តភាពកម្ពុជា-ចិន និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌មានប្រសាសន៍ថា ការនាំយកភាពយន្តល្បីៗ ដើម្បីបញ្ចាំងនៅវិទ្យាល័យជាស៊ីមឈូកវ៉ានេះ ក្នុងគោលបំណងចែករំលែក នូវភាពយន្តរបស់កម្ពុជា និងចិនទៅដល់សិស្សធ្វើយ៉ាងណា បានស្វែងយល់ពីវប្បធម៌ និងទំនាក់ទំនងកម្ពុជាចិនឱ្យកាន់តែស៊ីជម្រៅ។

លោកបញ្ជាក់ថា៖ «ការជ្រើសរើសទីតាំងនេះ វានៅឆ្ងាយបន្តិចពីរាជធានីភ្នំពេញ តែជាទីប្រជុំជន មានប្រជាជនរស់នៅច្រើន។ ហើយការបញ្ចាំងនេះក្នុងគោលបំណងចែករំលែកពីវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ចិននិងកម្ពុជា ដែលមានក្នុងខ្សែភាពយន្ត ទៅកាន់សិស្សបានកម្សាន្តផង និងអប់រំផង។»

លោកបានបញ្ជាក់ថា ប្រទេសកម្ពុជា និងចិនគឺជាមិត្តភក្កិល្អតែងតែជួយគ្នាទៅវិញទៅមក និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាលើគ្រប់វិស័យទាំងអស់ ក្នុងនោះមានវិស័យ សិល្បៈភាពយន្តជាដើម។ ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោកស្រី Xu Xiaoxia (អរុណ ) អគ្គនាយិកា នៃវិទ្យុមិត្តភាពកម្ពុជា-ចិន បានបង្ហាញការសប្បាយរីករាយ ពេលឃើញមានសិស្សានុសិស្ស ជាច្រើនបានចូលរួមទស្សនាភាពយន្តនេះ ដែលនេះបង្ហាញពីមិត្តភាពកម្ពុជា និងចិនកាន់តែល្អ ហើយជាពេលវេលាមួយ ដ៏សំខាន់មួយដែលយើងទាំងអស់គ្នាផ្សាភ្ជាប់ដួងចិត្ត បេះដូងរវាងគ្នាទៅវិញទៅមក។

លោកស្រីបញ្ជាក់ថា ភាពយន្តមិនត្រឹមតែជាការកម្សាន្តមូយមុខនោះទេ ប៉ុន្តែវាបានផ្តល់ឱកាសឱ្យអ្នកទស្សនា បានស្វែងយល់ពីវប្បធម៌នៃប្រទេសយើងទាំងពីរថែមទៀត។ លោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលបានចូលរួម ក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៨នេះ បានបង្ហាញការសាទរយ៉ាងខ្លាំង និងស្នើឱ្យមានការរៀបចំ ព្រឹត្តិការណ៍បែបនេះ នៅឆ្នាំក្រោយៗថែមទៀត ព្រោះបានផ្តល់ចំណេះដឹងថ្មីៗ និងបានយល់ដឹងកាន់តែច្រើនពី ទំនាក់ទំនាក់ទំនងរវាងកម្ពុជា និងចិន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» បានចាប់ផ្ដើមរៀបចំធ្វើតាំងពីឆ្នាំ២០១៦ក្រោមការ សហការរៀបចំ ដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និង នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើដំណើរឆ្លងកាត់ ២៥ រាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ដោយបាននាំមក នូវភាពយន្តកម្ពុជាចិនដ៏ឆ្នើម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មកចាក់បញ្ចាំងជូនប្រជាពលរដ្ឋជាង ១សែននាក់ ក្នុងភូមិស្រុក ទូទាំងប្រទេសកម្ពុជា បានទស្សនា ធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍ផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិនដ៏មានសារសំខាន់មួយ៕

វិទ្យុមិត្តភាពកម្ពុជាចិន