(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោក ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអញ្ជើញក្នុងពិធីប្រកាសកែសម្រួលសមាសភាព ក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ស៊ី សួន អភិបាលរងអភិបាលខេត្ត និងជាប្រធានការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត បានអានសេចក្តីសម្រេចស្តីពីកែសម្រួលសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត ដឹកនាំក្រុមការងារចុះមូលដ្ឋាន ក្រុង ស្រុក។

លោក សរ សុពុត្រា បានទទួលសេចក្តីសម្រេចពីសំណាក់លោក ផៃ ប៊ុនឈឿន ជាអនុប្រធានអចិន្ត្រៃយ៍ ដើម្បីដឹកនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។

អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានឡើងថ្លែងថា រយៈពេល១៤៦ថ្ងៃគត់ នៃការមុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្ត ក្នុងនោះក៏បានពន្លឿនការអនុវត្តសកម្មភាពការងារសំខាន់ៗ មួយចំនួនធំក្នុងខេត្ត ពិសេសគឺការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការបង្រ្កាបបទល្មើស ការរៀបចំព្រឹត្តិការណ៍បុណ្យជាតិ អន្តរជាតិ ថ្នាក់ខេត្ត ការកែលម្អសោភ័ណភាពក្រុង ការអន្តរគមន៍ឆ្លើយតប ដោះស្រាយសំណូមពរសំណើរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានលើកកម្ពស់ការចូលរួមរបស់ប្រជាជនតាមគ្រប់រូបភាព រួមទាំងការគោរពទង់ជាតិនៅតាមទីប្រជុំជន ក្រុង ស្រុក និងនៅតាមឃុំសង្កាត់ក្នុងខេត្ត។

លោក ផៃ ប៊ុនឈឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តស្ទឹងត្រែង ព្រមទាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច បានយ៉ាងល្អប្រសើរប្រកបដោយ ស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឲ្យកត់សម្គាល់។

ជាមួយគ្នានេះ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់រដ្ឋបាលខេត្តសម្រាប់ជាត្រីវិស័យ ក្នុងការងារពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមជាមួយការអនុវត្ត គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការកាន់តែស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពស់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសឆ្លើយតបបានទាន់ពេល វេលានូវការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន៕