(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមជំនួយឧបត្ថម្ភពីក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានរួមគ្នាបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀនដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។
ពិធីនេមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធទូទាំងស្រុកម៉ាឡៃ។
លោក លី សុវណ្ណារិទ្ធ បានស្វាគមន៍ និងបានថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់ដែលបានចូលរួមចំណែកលើកកម្ពស់សមត្ថភាពមន្ត្រីលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសលើការងារផ្សព្វផ្សាយអប់រំ។
លោក ស៊ូប៉ាផាត់ ហ៊ីបឱសថ អគ្គទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀន បានថ្លែងអំណរគុណដល់កម្ពុជា ហើយថៃនឹងបន្តគាំទ្រដល់លើកកម្ពស ចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន នៅក្នុងសហគមន៍ក៏ដូចជាទប់ស្កាត់គ្រឿងញៀនឆ្លងកាត់ព្រំដែន។
ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វីរិទ្ធអគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងដោយពាំនាំនូវការកោតសរសើរ និងថ្លៃងអំណរគុណ ពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់គ្រប់ភាគីទាំងអស់ពិសេសភាគីថៃ ដែលបានគាំទ្រដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើគ្រប់វិស័យពិសេសការងារផ្សព្វផ្សាយអប់រំដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនទាំងក្នុងសហគមន៍ និងឆ្លងកាត់ព្រំដែន។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថបន្តថា បញ្ហាគ្រឿងញៀននៅជាបញ្ហាដែលស្មុគស្មាញហើយគ្មានសញ្ញាថមថយទេ ដូចនេះគ្រប់សមាសភាពទាំងអស់ត្រូវតែរួមគ្នាលើកកម្ពស់សមត្ថភាពដើម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋាន និងសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មេឃុំ មេភូមិ ដែលជាបុគ្គលសំខាន់បំផុសឱ្យប្រជាពលរដ្ឋចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមគ្រប់រូបភាពពិសេសការប្រើប្រាស់ App NoDrug ទើបទទួលបានជោគជ័យ។ គ្រប់ករណីគ្រឿងញៀនទាំងអស់អាចសម្រេចទៅបានទាល់តែមានការចូលរួមសហការពីប្រជាពលរដ្ឋនៅមូលដ្ឋាន៕