(កំពង់ឆ្នាំង)៖ សមត្ថកិច្ចចម្រុះមួយក្រុមដឹកនាំដោយមន្ត្រីសង្កាត់រដ្ឋបាលជលផលរលាប្អៀរ បានចុះឃាត់ពលរដ្ឋកំពុងភ្ជួរដីស្រែប្រាំងមួយកន្លែងស្ថិតក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលដីស្រែនៅទីនោះជាដីតំបន់២ ដែលពលរដ្ឋបានធ្វើស្រែអាស្រ័យផលជាង៣០ឆ្នាំមកហើយ មិនមានអាជ្ញាធរណាមកហាមឃាត់នោះឡើយ។
ករណីខាងលើនេះលោក ឆាយ រី អាយុ៥៣ឆ្នាំ ជាម្ចាស់ក្របីយន្ត និងជាអ្នកស៊ីឈ្នួលភ្ជួររាស់ដីស្រែប្រាំងឲ្យឈ្មោះ ឆាយ រិន ជាអ្នកជួលដីធ្វើស្រែប្រាំងពីម្ចាស់ដីឈ្មោះ យូ ហៀង រស់នៅក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ បានរៀបរាប់ប្រាប់ អ្នកយកព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ គាត់បានបើកក្របីយន្តមួយគ្រឿង មកភ្ជួរដីស្រែប្រាំងនៅចំណុចជិតសាលារៀនលោកតាគគីរ ស្ថិតក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាបៀរ។
លុះដល់ម៉ោង ៩ព្រឹកក៏ឃើញមានសមត្ថកិច្ចមួយក្រុមដឹកនាំដោយលោក លាក់ សំអាត នាយសង្កាត់ជលផលរលាប្អៀរ ដោយសបានសហការជាមួយលោក ភឿន សុខុម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រុំ លោក នង ឆាយ សមាជិកក្រុមប្រឹក្សាឃុំស្វាយជ្រុំ លោក ឈឹម គឿន មេភូមិកំពង់រាំង បានចុះមកឃាត់គាត់មិនឱ្យភ្ជួរដី និងព្រោះស្រូវលើដីស្រែប្រាំងរបស់ឈ្មោះ យូ ហៀង ដែលគាត់ធ្លាប់ធ្វើស្រែជារៀងរាល់ឆ្នាំ។
លោក ស៊្រុន សុផល បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ថា ដីស្រែប្រាំងមួយកន្លែងនេះ ជាដីស្រែប្រាំងរបស់ឪពុកលោកមានទំហំ៥ហិកតា ឯដីស្រែនេះដែរត្រូវបានឪពុកលោក អាស្រ័យផលរយៈពេលជាង៣០ឆ្នាំកន្លងមកហើយ មិនដែលឃើញមានសមត្ថកិច្ចណាចុះមកហាមឃាត់ដូចពេលនេះឡើយ។
ចំណែកដីនេះទៀតសោតក៏មិនដែលមានទំនាស់ជាមួយបងប្អូនណា រហូតដល់មានការប្ដឹងផ្ដល់គ្នាទៅតុលាការនោះដែរ។ នៅជុំវិញដីស្រែរបស់គាត់ ក៏មានដីស្រែប្រាំងរបស់ពលរដ្ឋជាច្រើនរហូតទៅដល់រាប់រយហិកតា ក៏ត្រូវបានប្រជាកសិករបានភ្ជួររាស់ និងសាបព្រោះស្រូវប្រាំងរួចរាល់អស់ទៅហើយដែរ មិនឃើញមានសមត្ថកិច្ច ឬអាជ្ញាធរចុះទៅហាមឃាត់នោះឡើយ។
ទាក់ទងនឹងករណីនេះលោក លាក់សំ អាត និងក្រុមការងារចម្រុះ ក្នុងពេលជួបជាមួយលោក ស្រ៊ុន សុផល កូនលោក យូ ហៀង ជាម្ចាស់ដីស្រែប្រាំងនៅក្នុងសាលារៀនលោកតាគគីរ បានបញ្ជាក់ឲ្យដឹងថា ក្រុមការងារ លោកចុះមកនេះ គឺមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាខេត្ត ដើម្បីចុះមកពិនិត្យជាក់ស្ដែង ព្រោះមានប្រជាពលរដ្ឋ និងអាជ្ញាធរបានរាយការណ៍ថា មានគេភ្ជួររាស់ដីព្រៃលិចទឹករបស់រដ្ឋ។
ជាមួយគ្នានេះលោក លាក់ សំអាត បានប្រាប់អ្នកសារព័ត៌មានថា ការដែលលោកចុះទៅឃាត់ការភ្ជួររាស់ដីស្រែរបស់ប្រជាពលរដ្ឋនៅចំណុចខាងលើនេះ គឺដោយមានបញ្ជាពីលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដោយបានបញ្ជាឲ្យលោកចុះទៅពិនិត្យមើលក្រែងពលរដ្ឋភ្ជួររាស់ទៅលើដីដែលត្រូវបានហាមឃាត់ចំនួន២៤ហិកតា ដែលត្រូវបានភ្លើងឆេះកាលពីដើមអំឡុងឆ្នាំ២០២៣កន្លងទៅ។
លោក លាក់ សំអាត បានបញ្ជាក់ទៀតថា បន្ទាប់ពីលោកបានចុះទៅដល់ទីតាំងខាងលើនេះ លោកក៏បានសាកសួរព័ត៌មានពីពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទើបដឹងថា ដីនោះគឺជាដីដែលប្រជាពលរដ្ឋម្ចាស់ស្រែធ្លាប់បានអាស្រ័យ ផលជាយូរឆ្នាំមកហើយ ពេលនោះលោកក៏បានអនុញ្ញាតឱ្យពលរដ្ឋជាម្ចាស់ស្រែធ្វើបន្ត។
ករណីនេះលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានឲ្យដឹងថា លោកនឹងសាកសួរមន្ត្រីជំនាញសិន បើជាដីស្រែប្រាំងរបស់ប្រជាកសិករដែលគាត់ធ្លាប់បានអាស្រ័យផលជារៀងរាល់ឆ្នាំពិតប្រាកដមែននោះ អាជ្ញាធ រមិនអាចទៅហាមឃាត់បានឡើយ គឺត្រូវតែអនុញ្ញាតឱ្យគាត់ធ្វើបន្ត។
ដោយឡែកលោកអភិបាលខេត្ត បានបញ្ជាក់ថា បើដីនោះជាដីតំបន់២ ហើយប្រជាពលរដ្ឋធ្លាប់បានអាស្រ័យផលជារៀងរាល់ឆ្នាំ និងជាយូរឆ្នាំមកហើយនោះ គឺមិនអាចទៅហាមឃាត់គាត់មិនឱ្យគាត់អាស្រ័យផលបានឡើយ។
នៅក្នុងរឿងនេះដែរ ប្រជាកសិករដែលមានមុខរបរធ្វើស្រែប្រាំងនៅក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ សូមសំណូមពរដល់ខណ្ឌរដ្ឋបាលជលផល មេត្តាបោះបង្គោលចង្អុលបង្ហាញព្រំដីតំបន់២ ដែលត្រូវបានហា មឃាត់ឲ្យបានច្បាស់លាស់ចៀសវាងអនុវត្តទៅតាមការចង្អុលបង្ហាញ ឬតាមការរាយការណ៍ណាមួយរបស់បុគ្គល ដែលមានគំនុំ និងមានការឈ្នានីសគ្នាទៅវិញទៅមក។
ដោយឡែកដីព្រៃលិចទឹកដែលភ្លើងឆេះកាលពីរដូវប្រាំងឆ្នាំ២០២៣ ចំនួន២៤ហិកតា ដែលខណ្ឌរដ្ឋបាលជលផលកសាងសំណុំរឿងប្ដឹងទៅតុលាការថា ជាដីព្រៃលិចទឹករបស់រដ្ឋ ពលរដ្ឋស្នើសុំសំណូមពរបោះបង្គោលឲ្យបានច្បាស់ លាស់ ដើម្បីឱ្យប្រជាកសិករដែលមានស្រែនៅក្បែរនោះបានដឹងផង ចៀសវាងពលរដ្ឋភ្ជួររាស់ប៉ះពាល់បង្កជាកំហុសណាមួយកើតឡើងដោយអចេតនា។
ជុំវិញករណីនេះដែរលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៤ ខែធ្នូ បានបញ្ជាក់តាមទូរសព្ទឱ្យដឹងថា បន្ទាប់ពីទទួលបានរបាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានបានរាយការណ៍មកថា មានការភ្ជួររាស់ដីព្រៃតំបន់ពីរនៅជិតដីព្រៃលិចទឹកដែលបានឆេះចំនួន២៤ហិកតា ដែលរដ្ឋបាលជលផលបានដាក់បណ្ដឹងទៅតុលាការស្នើសុំយកមកទុកជាដីព្រៃលិចទឹករបស់រដ្ឋ ទើបលោកបានសុំយោបល់លោកព្រះរាជអាជ្ញាខេត្ត ចាត់បញ្ជូនសមត្ថកិច្ចជំ នាញជលផលសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅត្រួតពិនិត្យជាក់ស្ដែង។
នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា ក្រោយពេលពិនិត្យឃើញទៅថា ដីដែលប្រជាពលរដ្ឋភ្ជួរធ្វើស្រែនេះជាដីទំនាស់ពលរដ្ឋជាមួយពលរដ្ឋ ដែលបានប្ដឹងគ្នាទៅតុលាការ ដូច្នេះសមត្ថកិច្ចជំនាញគ្មានសិទ្ធិហាមឃាត់មិនឱ្យ គាត់ធ្វើស្រែលើ ដីដែលគាត់ធ្លាប់អាស្រ័យផលនោះបានទេ ទើបលោកបញ្ជារឲ្យសមត្ថកិច្ចជំនាញដែលបានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បញ្ឈប់សកម្មភាពការហាមឃាត់នោះវិញ។
ដោយឡែកលោក យូ ហៀង ជាម្ចាស់ស្រែ បានបញ្ជាក់ឲ្យដឹងថា ដីស្រែប្រាំងរបស់លោកទាំងអស់នៅទីនេះមានទំហំ៥ហិកតា គឺលោកបានកាន់កាប់ធ្វើស្រែប្រាំងជាង៣០ឆ្នាំមកហើយ ចំណែកដីស្រែប្រាំងរបស់គាត់ទាំងអស់នេះដែរ មិនដែលមានរឿងរ៉ាវប្ដឹងផ្ដល់ជាមួយអ្នកណាទៅតុលាការនោះទេ។
ក្នុងនាមលោកជាពលរដ្ឋម្នាក់ដែលមានមុខរបរធ្វើស្រែប្រាំង លោកស្នើសុំយ៉ាងទទូចដល់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ពិសេសអាជ្ញាធរភូមិ-ឃុំដែលលោកនៅជាប់ជាមួយប្រជាពលរដ្ឋ មុននឹងលោកសម្រេចរាយការណ៍ពាក់ព័ន្ធ និងបទល្មើសផ្សេងៗជូនទៅមន្ត្រីនគរបាលយុត្តិធម៌ សុំលោកធ្វើការស្រាវជ្រាវ និងពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន ចៀសសវាងប៉ះពាល់ដល់ពេលវេលាការងាររកស៊ី និងកិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
ជាក់ស្ដែងដូចថ្ងៃនេះ ការចុះមកឃាត់គ្រឿងចក្ររបស់ពលរដ្ឋដែលកំពុងតែភ្ជួររាស់បង្ករបង្កើនផល ហើយត្រូវបានអស់លោកមកហាម ឃាត់ដោយគ្មានកំហុសដូច្នេះ គឺវាបានបណ្ដាលឱ្យខាតបង់ពេលវេលាបង្កបង្កើនផលរបស់ពលរដ្ឋ អស់មួយព្រឹក តើអ្នកណាទទួលខុសត្រូវ៕