(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងនឹងប្រែក្លាយសេវា ប្រមាណ៥០០មុខ ឲ្យទៅជាសេវាតាមរយៈឌីជីថល ទាំងផ្នែកសូរិយោដី និងផ្នែកសំណង់ នាពេលខាងមុខនេះ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាព ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ លើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីតាំងពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា-អន្ដរជាតិ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ។
ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងប្រែក្លាយសេវារបស់យើង ប្រមាណ៥០០មុខ ឲ្យទៅជាសេវាតាមរយៈឌីជីថលទាំងអស់ ទាំងផ្នែកសូរិយោដី ទាំងផ្នែកសំណង់»។
ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានលើកឡើងថា ទៅថ្ងៃខាងមុខនេះ បើសិនជាចង់លក់ផ្ទះ គ្រាន់តែចូលទៅក្នុង App ចូលទៅក្នុងពាក្យថា «លក់ផ្ទះ» បន្ទាប់មកនឹងពេលគេចរាចរ បើសិនជាមានអ្នកណាចាប់អារម្មណ៍ ចង់ទិញផ្ទះដែលបានដាក់លក់នោះ។
បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការដាក់លក់ផ្ទះ នៅក្នុង App នេះ មិនមានការលំបាកនោះទេ ឲ្យតែផ្ទះដែលដាក់លក់នោះ មានការបង់ពន្ធបានត្រឹមត្រូវ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានឲ្យដឹងផងដែរថា ក្រសួងក៏បានដាក់ឲ្យដំណើរការសាកល្បងផងដែរ នៃការចុះបញ្ជីដីធ្លី ខណៈបច្ចុប្បន្នការចុះបញ្ជីដីធ្លី ត្រូវធ្វើដំណើរទៅសូរិយោដី ដើម្បីបំពេញបែបបទ ប៉ុន្ដែថ្ងៃក្រោយ អាចដំណើរការតាមទូរស័ព្ទដៃបាន អត់ចាំបាច់ពិបាក ក្នុងការធ្វើដំណើរទៀតនោះទេ៕