(បាត់ដំបង)៖ បុរសម្នាក់បានយកខ្សែភ្លើងមក រាយដាក់ម៉ូទ័របូមទឹកលាងត្រី តែភ្លេចខ្លួនមិនបានបិទភ្លើងប៉ះចំមុខដំណរខ្សែ បណ្ដាលឲ្យឆក់ ស្លាប់នៅនិងកន្លែង កាលពីវេលា០៩៖០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោក សោម រ៉ាវុធ មន្រ្តីកងរាជអាវុធហត្ថស្រុកមោងឬស្សី បានឲ្យដឹងថា ជនរងគ្រោះដែលឆក់ខ្សែភ្លើងស្លាប់មានឈ្មោះរៀម សុខគា ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរលក់ត្រី រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សីខេត្តបាត់ដំបង។
សាក្សីដែលនៅជិតកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ខាងលើនេះបានយក ខ្សែភ្លើង ទៅតម៉ូទ័រដើម្បីបូមទឹកលាងត្រី តែភ្លេចខ្លួនមិនបានបិទភ្លើងហើយបានទៅប៉ះចំមុខដំណរខ្សែ ដែលកំពុងមានភ្លើងក៏បណ្ដាលឲ្យ ឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះបន្ទាប់ពីបានចុះមកត្រួតពិនិត្យរួច ត្រូវបានក្រុមគ្រួសារបានយកទៅធ្វើបុណ្យតាមប្រពៃណី៕