Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការពង្រឹង និងពង្រីកមិត្តភាពនៃប្រទសទាំងពីរ (Video Inside)

13-10-2016 14:10

(ភ្នំពេញ)៖ បន្ទាប់ពីលោកប្រធានាធិបតីចិន Xi Jinping បានអញ្ជើញមកដល់ប្រទេស កម្ពុជាប្រកបដោយសុវត្ថិភាពហើយ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការពង្រឹង និងពង្រីកមិត្តភាព

និងសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសយើងជាបងប្អូនទាំងពីរកម្ពុជា-ចិន។

​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «កាលពីម៉ោង ១២៖៣០នាទី រសៀលនេះ លោកប្រធានាធិបតីចិន Xi Jinping បានអញ្ជើញមកដល់ប្រទេស កម្ពុជាប្រកបដោយសុវត្ថិភាពហើយ។ ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី Xi Jinping គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការពង្រឹង និងពង្រីកមិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសយើងជាបងប្អូនទាំងពីរកម្ពុជា-ចិន»

នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ លោកប្រធានាធិបតី XI Jinping នឹងអញ្ជើញចូលគាល់ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញសួរសុខទុក្ខ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ។

នៅរសៀលថ្ងៃដដែលនេះ លោកប្រធានាធិបតី XI Jinping នឹងអញ្ជើញជួបសន្ទនាពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង អញ្ជើញជាអធិបតីរួមជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងពិធីចុះហត្ថលេខាលើ ឯកសារផ្លូវការមួយចំនួនផងដែរ នៅវិមានរដ្ឋាភិបាលសន្តិភាព៕