(វ៉ាស៊ីនតោន)៖ ខណៈបេក្ខភាពប្រធានាធិបតីអាមេរិក នៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) កំពុងឈឺក្បាលជុំវិញរឿងអាស្រូវបែកធ្លាយវីដេអូកាលពីឆ្នាំ២០០៥ នោះ ជាថ្មីម្ដងទៀត ស្រី្តពីរនាក់តាមរយៈបទសម្ភាសន៍ជាមួយកាសែត New York Times បានចោទប្រកាន់ មហាសេដ្ឋីអាចលនាទ្រព្យរូបនេះថា បាន «រំលោភបំពានផ្លូវភេទ» មកលើពួកនាង។ នេះបើយោង តាមការចុះផ្សាយ របស់ស្ថានីយ៍ទូរទស្សន៍ CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦។
នាង Jessica Leeds និង នាង Rachel Crooks បានផ្ដល់សក្ខីកម្មរបស់ខ្លួនប្រាប់ New York Times ស្ដីពី ការរំលោភបំពានផ្លូវភេទដែលពួកនាង មិនធ្លាប់បាននិយាយជាសាធារណៈ ដោយក្នុងនោះ បើតាមនាង Jessica លោក Trump បានលូកលាន់រូបនាង នៅពេលដែលនាងអង្គុយជិតលោក នៅលើយន្ដហោះ កាលពីជាង៣០ឆ្នាំមុន ចំណែកឯនាង Rachel ក៏បានអះអាងដែរថា បេក្ខភាពប្រធានាធិបតីរូបនេះ បានអោបថើបរូបនាងដោយគ្មានការយល់ព្រម នៅអំឡុងពេលនាង បំពេញការងារជាអ្នកទទួលភ្ញៀវនៅក្នុងអាគារ Trump Tower របស់លោក កាលពីឆ្នាំ២០០៥។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមការងារយុទ្ធធាការបោះឆ្នោតរបស់លោក Trump បានបដិសេធការ ចោទប្រកាន់ទំាងនេះ ដោយសំអាងថាមិនមែនជាការពិត និងគ្មានភស្តុតាងច្បាស់លាស់។
គួររំលឹកថា ចាប់តំាងពីរឿងអាស្រូវវីដេអូប្រើពាក្យសម្ដីមិនសមរម្យលើស្រី្ត ផ្ទុះឡើង លោក Donald Trump បានទទួលរងការរិះគន់យ៉ាងខ្លាំង បើទោះជាបានទទួលស្គាល់ និង សូមទោសក៏ដោយ។ ម្យ៉ាងវិញទៀត សូម្បីតែមេដឹកនំាកំពូលៗ នៅក្នុងជួរគណបក្សសាធារណរដ្ឋ ក៏បានប្រកាសថា ពួកគេនឹងមិនបោះឆ្នោតជូនលោក ឡើយ ខណៈលោក Trump នៅតែប្រកាន់ជំហរ មិនបោះបង់ចោលការប្រកួតប្រជែង និង ដើរឱ្យដល់ទីបំផុត៕