(ស្វាយរៀង)៖ លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញប្រកាសតែងតាំងមន្ត្រីរាជការ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដោយក្នុងនោះប្រកាសតែងតាំង លោក អ៊ឹម បុត្រ និងលោក អៀ ច័ន្ទនិមល ជាអនុប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក រៀម ស៊ីណា ជាប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក។
ពិធីប្រកាសតែងតាំងមន្ត្រីសុខាភិបាលនេះ មានការចូលរួមពីលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត, លោក ភេ គង់ នាយករងរដ្ឋបាលសាលាខេត្ត និងលោក ប៉ែន ដារ៉ា នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តស្វាយរៀង អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធានមន្ទីរពេទ្យខេត្ត ប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ទាំង ៤ ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែក ទាំង ៥ ប្រធានមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំង ៥២ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
លោក ញ៉ែម សារី បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សុខាភិបាលទូទាំងខេត្ត ដែលបានខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ពុះពាររាល់ឧបសគ្គ និងការលំបាកនានា ក្នុងបរិបទកូវីដ-១៩ ដែលធ្វើឲ្យសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ ក៏បានកែលម្អសូចនាករសំខាន់ៗ ពិសេសការសម្រាលកូនដោយបុគ្គលិកសុខាភិបាលជំនាញ ការកាត់បន្ថយ អត្រាមរណៈ មាតា ទារក និង កុមារ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងវិស័យពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹង ប្រែងថែមទៀត ពោលគឺ ធ្វើយ៉ាងណាឲ្យស្ត្រីកាន់តែច្រើនឡើង មកសម្រាលកូនដោយសុវត្ថិភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ របស់យើង។
បន្ថែមលើសពីនេះ លោកបានផ្តាំផ្ញើដល់មន្ត្រីសុខាភិបាលទាំងអស់ត្រូវខិតខំបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីធានាចរន្តការងារឲ្យមានភាពរលូន និងសម្រេចបានជោគជ័យនិងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំមន្ត្រីរាជការក្រោមឱវាទឲ្យបានល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យការអនុវត្តការងារមានភាពរលូន ត្រឹមត្រូវតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួង-ស្ថាប័ន រាជរដ្ឋភិបាល ដែលបានដាក់ចេញឲ្យសម្រេចបាននូវជោគជ័យប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។
ជាមួយគ្នានេះ ត្រូវខិតខំយកចិត្តទុកដាក់សិក្សា ស្រាវជ្រាវ អភិវឌ្ឍ លើជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង និងត្រូវខិតខំសិក្សា ស្វែងយល់បន្ថែមអំពីបទពិសោធន៍ ចំណេះដឹង ជំនាញថ្មីៗ ឲ្យបានច្រើនថែមទៀត ដើម្បីពង្រឹងលើកម្ពស់ការងារ ឲ្យកាន់តែល្អប្រសើរឡើង៕