(កំពង់ធំ)៖ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ម្ចាស់ផ្ទះ ២ផ្ទះដែលរងគ្រោះ ដោយអគ្គិភ័យ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់ពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាអគ្គិភ័យជាយថាហេតុ។
ជាមួយគ្នានេះ លោកបានជំរុញដល់អាជ្ញាធរ ក្រោមឱវាទត្រូវអំពាវនាវ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសប្រព័ន្ធអគ្គិសនី នៅក្នុងគេហដ្ឋាន ត្រូវតែតាមបទដ្ឋានបច្ចេកទេស និងប្រព័ន្ធសុវត្ថិភាព ហើយកុំទុកដាក់សំរាមផ្ដេសផ្ដាស ឬដុតចោលបែបអាណាធិបតេយ្យ ដែលនាំឲ្យប៉ះពាល់បរិស្ថានសុខសុវត្ថិភាព និងត្រូវទុកដាក់សំរាមជូនភ្នាក់ងារ ប្រមូលឲ្យបានត្រឹមត្រូវ។
លើសពីនេះ លោកបានកោតសរសើរខ្ពស់ ដល់កងកម្លាំងទាំងបី និងក្រុមពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុក និងឧកញ៉ា លីម ប៊ុណ្ណា ដែលបានអន្តរាគមន៍ជួយពន្លត់ទាន់ពេលវេលា កុំឲ្យមានការឆាប់ឆេះរាលដាលបន្ថែមទៀត។
សូមបញ្ជាក់ថា ម្ចាស់ផ្ទះទី១៖ ឈ្មោះ សុខ ចាន់រម្យនាថ ភេទស្រី អាយុ៣៨ឆ្នាំ បណ្តាលឲ្យខូតខាតផ្ទះ១ខ្នង ទំហំ១២ម៉ែត្រ គុណ១២ម៉ែត្រ ផ្ទាល់ដី និងទ្រព្យសម្បត្តិសម្ភារទាំងស្រុង នៅភូមិឈើទាល ឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលឆេះកាលពីថ្ងៃទី៤ ខែធ្នូឆ្នាំ២០២៤។
ម្ចាស់ផ្ទះទី២៖ ឈ្មោះ ឃិត ប៉េង ប្រពន្ធឈ្មោះ ប៉ូច រ៉ៃ រស់នៅភូមិសណ្ដាន់ ឃុំចំណាយក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដែលភ្លើងឆាបឆេះផ្ទះកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ហើយលោកបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួន និងថវិកាសរុប៥៥ម៉ឺនរៀល៕