(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែឆ្នាំនេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ចំនួន៥១៦គម្រោង ក្នុងទំហំទុនវិនិយោគជាង ១ពាន់លានដុល្លារអាម៉េរិក។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឃួង ស្រេង អញ្ជើញចូលរួម ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។
លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ ចំនួន៥១៦គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ២.៥៤លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មាន ជាង១ពាន់លានដុល្លារអាម៉េរិក បន្ថែមទៀត»។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានឲ្យដឹងថា តាមរយៈការអនុវត្ត «ប្លង់គោលប្រើប្រាស់ដីឆ្នាំ២០៣៥» ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្តានុពលដែលមានស្រាប់ ក្នុងរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តជំរុញ ការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លី មានលក្ខណៈដាច់ដោយដុំ និងលក្ខណៈជាប្រព័ន្ធ។
ក្នុងនោះ រយៈពេល១០ខែ ឆ្នាំ២០២៤នេះ មន្ទីរជំនាញបានប្រមូលទិន្នន័យក្បាលដីបានចំនួន ៣៥,០៦២ក្បាលដី, ចុះបញ្ជីលើកដំបូងតាមលក្ខណៈ ដាច់ដោយដុំបានចំនួន៨៣ប័ណ្ណ និងបានជំរុញ ការប្រមូលចំណូលពន្ធប្រថាប់ត្រា បង់ចូលថវិកាជាតិចំនួនប្រមាណ២៩០ពាន់លានរៀល ឬស្មើនឹងជាង៧០លានដុល្លារអាម៉េរិក។
ចំពោះវិស័យសំណង់ ក្នុងរាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងខ្លាំង ដែលបានបង្ហាញឱ្យឃើញតាមរយៈវត្តមាន ទីក្រុងរណប អគារ ពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូប្រណីតៗ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ដែលជារួម នៅរាជធានីភ្នំពេញ មាន សំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន៤៤៨កន្លែង និងអគារខ្ពស់ៗ ចំនួន១,៨៤៩ អគារក្នុងនោះ៖
* អគារកម្ពស់ពី ៥ជាន់ ទៅ៩ជាន់ មានចំនួន៖ ១,០៨៨អគារ
* អគារកម្ពស់ពី ១០ជាន់ ទៅ១៩ជាន់ មានចំនួន៖ ៤៩១អគារ
* អគារកម្ពស់ពី ២០ជាន់ ទៅ២៩ជាន់ មានចំនួន៖ ១៤៤អគារ
* អគារកម្ពស់ពី ៣០ជាន់ ទៅ៣៩ជាន់ មានចំនួន៖ ៧៦អគារ
* អគារកម្ពស់ពី ៤០ជាន់ឡើងទៅ មានចំនួន៖ ៥០អគារ។
បើតាមលោក ឃួង ស្រេង, រាជធានីភ្នំពេញ គឺជាប៉ូលមួយក្នុងចំណោមប៉ូលអាទិភាពទាំងបួន ដែលបានដើរតួនាទីយ៉ាងសំខាន់ និងជាមជ្ឈមណ្ឌលប្រមូលផ្តុំលើគ្រប់ វិស័យ រួមមាន វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ការទូត និងទេសចរណ៍។
នាពេលបច្ចុប្បន្ន ស្ថានភាពគ្រប់គ្រង រដ្ឋបាលដែនដីរាជធានីភ្នំពេញចែកចេញជា១៤ខណ្ឌ, ១០៥ សង្កាត់, ៩៥៣ ភូមិ និងមានផ្ទៃក្រឡាសរុបទំហំ ៦៩៥,២១៨ គីឡូម៉ែត្រក្រឡា ដោយមានប្រជាជនរស់នៅអចិន្ត្រៃយ៍ចំនួន ២.២៨១.៩៥១នាក់ និងប្រជាជនស្នាក់នៅ បម្រើការងារប្រមាណជា១លាននាក់ផ្សេងទៀត ក្នុងអត្រាកំណើន ២.១% ក្នុងមួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ ៣,២៨២ នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា៕