(កោះកុង)៖ ស្នងការដ្ឋាននគបាលខេត្តកោះកុង រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ការហ្វឹកហ្វឺនវគ្គអន្តរាគមន៍ពិសេសសម្រាប់នគរបាលចំនួន២៥នាក់ ហើយត្រូវបានបញ្ជូនទៅអនុវត្តការងារជូនប្រជាពលរដ្ឋតាមមូលដ្ឋាន រៀងៗខ្លួន។
ក្នុងពិធីបិតវគ្គហ្វឹកហ្វឺនជំនាញកងអន្តរាគមន៍ពិសេស មានការចូលរួមពីលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ស្នងការរង អធិការក្រុងស្រុក និងសិក្ខាកាមហ្វឹកហ្វឺន។
លោកឧត្តមសេនីយ៍ទោ គង់ មនោ បានថ្លែងថា អភិសន្តិបណ្ឌិត ស សុខ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកការបណ្តុះបណ្តាលមន្រ្តីនគរបាលជាតិ ជាការងារអាទិភាព និងចាំបាច់ដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់ហើយបន្តធ្វើជាប់ជាប្រចាំ។
លោកឧត្តមសេនីយ៍ទោ គង់ មនោ បានគូសបញ្ជាក់ថា គោលបំណងនៃវគ្គហ្វឹកហ្វឺនអន្តរាគមន៍ពិសេសនេះ គឺចង់ធ្វើកងកម្លាំងនគរបាលមានចំណេះដឹង មានជំនាញវិជ្ជាជីវៈសមស្រប ស្មោះត្រង់ គោរពបទបញ្ជាវិន័យ ការស្លៀកពាក់ឯកសណ្ឋាន និងការប្រើប្រាស់ក្បួនយុទ្ធវិធីបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សិលធម៌ តម្លៃកត្តិយស កិត្យានុភាព ក៏ដូចជាការជឿជាក់ជាខឿនសន្តិសុខជាតិរឹងមាំ។
លោក ហាក់ ឡេង ក៏បានចាត់ទុកថា ការហ្វឹកហ្វឺននេះ ជាកត្តាចាំបាច់សម្រាប់តួនាទីភារកិច្ចជាកងកម្លាំង បម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ កន្លងទៅលោកអភិបាលរងខេត្ត បានពិនិត្យឃើញថា កម្លាំងនគរបាលនៅក្នុងខេត្ត ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងលើការរក្សាសុខសន្តិសុខសណ្តាប់ធ្នាប់ ពិសេសសកម្មភាពទប់ស្កាត់ក្រុមជ្រុលនិយមដែលប៉ុនប៉នចង់ធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោក ហាក់ ឡេង បានផ្តាំផ្ញើសិក្ខាកាមទាំងអស់ថា ក្នុងនាមជានគរបាលជាតិ ត្រូវបំពេញកាតព្វកិច្ចគោរពតួនាទីរបស់ខ្លួនមានក្រមសិលធម៌ល្អ ការពារសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចេះជួយទុក្ខធុរៈប្រជាពលរដ្ឋនៅពេលគាត់ មានបញ្ហានៅប្រការណាមួយ៕