(សៀមរាប)៖ អាជ្ញាធរស្រុកក្រឡាញ់ និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ មានដូចជា៖ ភូមិក្តុល, ភូមិភ្នំតូច, ភូមិតាអាន, ភូមិថ្មី, ភូមិតាឡឹង, ភូមិសំរោង, ភូមិទឹកជុំ, ភូមិត្រពាំងឈូក, ភូមិអន្លង់ និងភូមិសសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ពិធីនេះ ក្រោមវត្តមានរបស់លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត និងលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ ព្រមទាំងមានការចូលរួមពីអ្នកពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះ លោក ស៊ុន សុជាតិ បានលើកឡើងថា ការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធនេះ ជា​ការចុះបញ្ជីដីធ្លី ដែល​កើត​ចេញ​ពី​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល ដោយ​មិនចាំបាច់​មាន​ការ​ស្នើ​សុំ​ពី​ម្ចាស់ដីឡើយ។ លោកបន្តថា គោលបំណង នៃការផ្សព្វផ្សាយថ្ងៃនេះ ដើម្បីឲ្យប្រជាពលរដ្ឋបាននូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន៖ ការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធផងដែរ។

លោកបានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាការចុះកំណត់ព្រំដី វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ហើយធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដី និងផ្តល់សិទ្ធិចំពោះតែក្បាលដីណាដែលមិនមានទំនាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ។

លោកក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី ត្រូវចូលរួមបោះបង្គោលព្រំដី ដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រូវត្រៀមរៀបចំឯកសារមួយចំនួន ដែលពាក់ព័ន្ធនឹងអត្តសញ្ញា ណម្ចាស់ដី រួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ និងអត្តសញ្ញាណ ក្បាលដីដូចជា៖ ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសំរេចរបស់តុលាការ ជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែង វិនិច្ឆ័យឈានចូលមកដល់ ដើម្បីឱ្យមន្រ្តីចុះបញ្ជី ធ្វើបាននូវភាពសុក្រឹត្យ ត្រឹមត្រូវ ទាំងលក្ខណៈបច្ចេកទេស និងទាំងលក្ខណៈច្បាប់។

លោក សុខ ណារ៉េត បានលើកោឡើងថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីឱ្យមានប័ណ្ណកម្មសិទ្ធស្របច្បាប់គ្រប់ៗគ្នា។ ការចុះបញ្ជីដីធ្លីនេះ គឺជាការចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោក កំពុងអនុវត្ត និងមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានមកចូល និងអាជ្ញាធរមូលដ្ឋាន សូមជួយធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីដែលពុំបានចួលរួម ឲ្យបានដឹងនិងចូលរួមបោះបង្គោលព្រំដី ដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួន ដែលពាក់ព័ន្ធឲ្យបានគ្រប់ៗគ្នា។

ជាមួយនេះដែរ លោក សុខ ណារ៉េត ក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំងអស់ ត្រូវចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីឱ្យបានលឿនផងដែរ៕