(ឧត្តរមានជ័យ)៖ លោក លឹម រីរក្ស អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានមុខព្រួញចុះជួយខេត្តឧត្តរមានជ័យ បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ត្រូវត្រៀមលក្ខណៈ រក្សាទឹកទុក និងលើកផែនការប្រើប្រាស់ទឹកឱ្យស្របតាមបរិមាណទឹកដែលមាននៅក្នុងអាង ដើម្បីការពារការខ្វះខាតទឹកនារដូវប្រាំងខាងមុខនេះ។
ការថ្លែងណែនាំរបស់លោក លឹម វីរក្ស បែបនេះក្នុងឱកាសដែលលោកតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំក្រុមការងារនាយកដ្ឋានក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក ខេត្តឧត្តរមានជ័យ ចុះពិនិត្យស្ថានភាទឹកនៅតាមបណ្តាលអាងទឹកសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទឹកនៅតាមអាងទឹកសំខាន់ៗក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យរួចមក ក្នុងនាមលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក លឹម វីរក្ស បានណែនាំមន្ទីរធនធានទឹក ខេត្តឧត្តរមានជ័យ ត្រូវត្រៀមលក្ខណៈរក្សាទឹកទុក និងត្រូវលើកផែនការប្រើប្រាស់ទឹកឱ្យស្របតាមបរិមាណទឹកដឺលមាននៅក្នុងអាង ក៏ដូចជាប្រើប្រាស់ទឹកឱ្យចំគោលដៅនិងសន្សំសំចៃ ចៀសវាងការខ្វះខាតក្នុងការប្រើប្រាស់ ជីវភាពប្រចាំថ្ងៃនាពេលខាងមុខ។
ដោយឡែកលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងថា ក្រុមការងារមន្ទីរក្រោយរដូវវស្សាបានបញ្ចប់បានបិទទ្វារទឹក និងកៀងគរទឹកបញ្ចូលក្នុងអាងទាំងអស់ ដែលក្នុងនោះយើងមានប្រព័ន្ធធារាសាស្រ្តធំចំនួន៣ ប្រព័ន្ធមធ្យមចំនួន៣២ ប្រព័ន្ធតូចចំនួន៥៨ មានបរិមាណធារទឹកពេញគ្រប់អាងធានាដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនាពេលខាងមុខនេះ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា បរិមាណទ្វារទឹកដែលមាននៅក្នុងអាង ក្នុងខេត្តឧត្តរមានជ័យ មិនមែនប្រើប្រាស់សម្រាប់តែខេត្តឧត្តរមានជ័យមួយនោះទេ គឺអាងទឹកធំទាំង៣ សម្រាប់យកទឹកទៅផ្កត់ផ្គង់ការស្រោចស្រព ដំណាំស្រូវរបស់ប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ មានស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងខេត្តសៀមរាប មានស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ដែលស្រុកទាំង៤នេះ គឺត្រូវការទឹកជាចាំបាច់ពីខេត្តឧត្តរមានជ័យ លើការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤-២០២៥ ក៏ដូចជាទឹកសម្រាប់ប្រើប្រាស់សម្រាប់មនុស្ស សត្វ ផងដែរ៕