(កំពង់ធំ)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ គណបក្សប្រជាជនឃុំស្រើង បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅភូមិជាំបឹង (វត្តជាំបឹង) ក្រោមអធិបតីភាពលោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងជាប្រធានក្រុមការងារចុះជួយឃុំស្រើង។
ពិធីនេះក៏មានការចូលរួមពីសមាជិក សមាជិកា ស្រុក ឃុំ ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន២៥០នាក់។
ថ្លែងក្នុងឱកាសនេះលោក ឃឹង នុភាព បានលើកឡើងពីសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចជូនជាតិ និងប្រជាជន ដោយដណ្តើមបានជ័យជម្នះជាប្រវត្តិសាស្ត្រ លើរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យមានជីវិតឡើងវិញទាន់ពេលវេលា និងទប់ស្កាត់របបយង់ឃ្នង់នេះមិនឱ្យវិលត្រឡប់មកវិញ។
លោកបានបន្តថា រាជរដ្ឋាភីបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិនៃការមានជីវិតរស់នៅរបស់ប្រជាជនប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ហើយបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូលនៃការផ្សះផ្សារបង្រួបបង្រួមជាតិរហូតសម្រេច។
លោកបានបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជា បញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្តិភាពពេញលេញ មកតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ប្រកបដោយជោគជ័យ ធ្វើឱ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហមត្រូវរលំរលាយទាំងស្រុង។
លោក ឃឹង នុភាព បានបញ្ចាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជា បានស្ដារសេដ្ឋកិច្ចសង្គមពីស្ថានភាពត្រូវបានបំផ្លាញឱ្យរស់ឡើងវិញ និងមានស្ថេរភាពជាជំហានៗរហូតឈានដល់ដំណាក់កាល អភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យសង្គមជាតិមានការផ្លាស់ប្ដូរមុខមាត់យ៉ាងធំធេង៕