(កោះកុង)៖ ក្រោយពិធីសម្ពោធបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិអនុភាព៩០០មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំថ្មស ស្រុកបូទុមសាគររួចមក ប្រជាពលរដ្ឋគ្រប់នៅខេត្តកោះកុង ចង់ឃើញ ដំណើរការផលិតអគ្គិសនីដើរដោយថាមពលឧស្ម័នធម្មជាតិនេះ ពន្លឿនការសាងសង់ឲ្យបានឆាប់រហ័ស ខណៈបច្ចុប្បន្នពួកគាត់មានតម្រូវការប្រើប្រាស់ភ្លើងអគ្គិសនីច្រើនគ្រប់ទីកន្លែងរស់នៅ។

បើតាមប្រជាពលរដ្ឋក្នុងឃុំថ្មសអះអាងថា បច្ចុប្បន្នមានតម្រូវការប្រើប្រាស់ខ្ពស់លើវិស័យចំនួន៣ មានផ្លូវ ទឹក និងភ្លើងអគ្គិសនីជាចម្បង ដែលរាជរដ្ឋាភិបាលកម្ពុជាបានជំរុញដល់វិស័យឯកជន ផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត លើការវិនិយោគ ដើម្បីបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិ និងប្រជាជន ទទួលបានការងារធ្វើតាមមុខជំនាញតាមតំបន់ផ្សេងៗផងដែរ។

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា លើការវិនិយោគ សាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយថាមពលឧស្ម័នធម្មជាតិអនុភាព៩០០មេហ្កាវ៉ាត់ និងគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៧ ខាងមុខនេះ។

លោក ផុន សុភាព តំណាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ប្រចាំខេត្តកោះកុង បាននិយាយប្រាប់ថា សម្រាប់ពេលនេះខាងក្រុមហ៊ុនកំពុងតែពន្លឿនដល់ក្រុមវិស្វករ និងក្រុមការងារ ផ្នែកគ្រឿងចក្រ បានប្រឹងប្រែងយ៉ាងញាប់ដៃញាប់ជើង តបតាមតម្រូវការរបស់វិនិយោគគិន ម្ចាស់សហគ្រាសធំតូច ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកោះកុងទាំងអស់ដែរ ព្រោះថាខេត្តកោះកុងត្រូវបានគេប្រសិទ្ធនាមថា «ជាតារារះនៃទិសនិរតីរបស់កម្ពុជា»

ដោយសារតែសក្តានុពលទេសចរណ៍ចម្រុះ រាប់ចាប់ពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានកោះជាច្រើន ដងព្រែក ព្រៃលិចទឹក និងជីវចម្រុះជាច្រើនក្រោមផ្ទៃទឹកសមុទ្រគួរជាភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជំរុញឲ្យខេត្តជាប់សមុទ្រមួយនេះ ប្រែក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជា សម្រាប់ដំណើរការផលិតអគ្គិសនីដ៏សម្បូរបែប ជាពិសេសគម្រោងវារីអគ្គិសនី ដែលជាប្រភពផលិតថាមពលស្អាត និងកំពង់ផែអន្តរជាតិជាបន្តបន្ទាប់ទៀត។

ទន្ទឹមនឹងការបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិដំបូងគេនៅកម្ពុជានេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង សម្តែងការរីករាយយ៉ាងខ្លាំង ហើយបានចាត់ទុកថា ជាភ័ព្វសំណាង របស់ខេត្តកោះកុង ដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀត គឺរោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អនុភាព ៩០០មេហ្គាវ៉ាត់ ដែលបានវិនិយោគ និងកំពុងដំណើរការសាងសង់ដោយ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អនុភាព ៩០០មេហ្គាវ៉ាត់ នៅស្នាក់ការធំក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស្ថិតក្នុងភូមិថ្មស កាលពីពេលកន្លងមក លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ជាលើកទី១ របស់ប្រទេសកម្ពុជាហើយ ដែលមានរោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិជាប្រវត្តិសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកោះកុង។

សូមបញ្ជាក់ថា ថាមពលអគ្គិសនី មិនមែនត្រឹមតែជាផលិតផលមួយដែលត្រូវការសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជាផលិតផលមួយដែលត្រូវការចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍និងវិស័យផ្សេងៗទៀតក្នុងផ្នែកសេដ្ឋកិច្ច ឱ្យរីកចម្រើនឆាប់រហ័ស ដើម្បីឈានទៅសម្រេចបាន ការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ប្រកបដោយចីរភាព ស្ថិរភាព គុណភាព និងមានថ្លៃកាន់តែសមរម្យ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ដ់ម្បីជាគន្លឹះដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស និងជួយបង្កើនសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ៕