(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក សា ស៊ីថា អភិបាលរងខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាមអាណត្តិទី៤ ប្រចាំឆ្នាំ២០២៤ នៅបរិវេណវត្តមហាលាភ ក្នុងឃុំមហាលាភ ស្រុកស្រីកោះសូទិន ដើម្បីបានទទួលសំណើ សំណូមពរ និងកង្វល់ពីប្រជាពលរដ្ឋ៧ករណី ដោយបានដោះស្រាយភ្លាមៗបានមួយករណី និងនៅសេសសល់ អង្គវេទិកាបានទទួលយកទៅពិភាក្សាដោះស្រាយបន្ត តាមនីតិវិធីរដ្ឋបាល។
លោក ខ្លូត ផន បានចាត់ទុកថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សានេះ មិនមែនជាវេទិកាសាធារណៈដែលរៀបចំឡើងដោយគណបក្សនយោបាយឡើយ។ អ្នកចូលរួមទាំងអស់មានឱកាសស្នើៗគ្នា ក្នុងការចែករំលែកគំនិតយោបល់ និងការយល់ដឹងពិសេសបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។
ម្យ៉ាងទៀត ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
ប្រធានក្រុមប្រឹក្សា បានបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូលពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្តសមាជិកក្រុមប្រឹក្សាគណ:អភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។
លោក ខ្លូត ផន បានឱ្យដឹងទៀតថា វេទិកានាពេលនេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងការលើកឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ និងបានឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរបានមួយចំនួន ដោយឡែកសំណួរ និងសំណូមពរដែលនៅសេសសល់ និងត្រូវបានយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយតាមប្រភេទរដ្ឋបាលនីមួយៗ៕