(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំប្រជុំព្រមព្រៀងបញ្ចប់វិវាទរបស់លោក ហង់ សុគន្ធ ជាមួយតំណាងប្រជាពលរដ្ឋឈ្មោះ ជុំ វាសនា, ជុំ ភៅ, ឡេង ប៊ុនផាត, វ៉ាន់ សោភា, ធី ថៃ, ទិន ស៊ីណាត, ចិន វ៉ាន់ និងឈ្មោះ គឹម សឿង ពាក់ព័ន្ធការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋធ្វើស្រែនៅតំបន់២ តំបន់វាលស្រងែ ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំសម្របសម្រួលជាមួយគូរភាគីទាំងពីរបានព្រមព្រៀងឯកភាពគ្នា ដើម្បីបញ្ចប់វិវាទដូចខាងក្រោម៖
១៖ ភាគីទាំងពីរបានព្រមព្រៀងបញ្ចប់វិវាទទាំងស្រុង ពាក់ព័ន្ធការផ្គត់ផ្គង់ទឹកដាក់ស្រែរបស់ប្រជាពលរដ្ឋនៅតំបន់វាលស្រងែ ដោយភាគីលោក ហង់ សុគន្ធ ព្រមព្រៀងដកពាក្យបណ្ដឹង ដែលបានប្តឹងទៅតុលាការចេញទាំងអស់។
២៖ ភាគីតំណាងប្រជាពលរដ្ឋ១២៥គ្រួសារ មានឈ្មោះ ជុំ វាសនា, ជុំ តៅ, ឡេង ប៊ុនថាត, វ៉ាន់ សោភា, ធី ថៃ, ទិន ស៊ីណាត ងិន វ៉ាន់ និងឈ្មោះ គឹម សឿង ព្រមព្រៀងដកពាក្យបណ្ដឹងដែលបានប្តឹងឈ្មោះ ហង់ សុគន្ធ ទៅរដ្ឋបាលខេត្ត និងស្ថាប័នផ្សេងៗទៀតទាំងអស់ ដើម្បីបញ្ចប់វិវាទខាងលើនេះ។
៣៖ ពាក់ព័ន្ធសំណូមពររបស់ប្រជាពលរដ្ឋដែលស្នើសុំលើកលែងមិនបង់ប្រាក់ដែលបានប្រើប្រាស់ទឹកកន្លងទៅ ដោយយកមូលហេតុថាការផ្គត់ផ្គង់ទឹករបស់លោក ហង់ សុគន្ធ មិនគ្រប់។ ករណីនេះ លោក ហង់ សុគន្ធ ត្រូវធ្វើផែនទីទីតាំងដែលប៉ះពាល់មករដ្ឋបាលខេត្ត ដើម្បីធ្វើការពិភាក្សានៅពេលក្រោយ។
៤៖ ក្រោយពីបានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទនេះភាគីលោក ហង់ សុគន្ធ សន្យានឹងធានាអះអាងចំពោះមុខរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធថានឹងផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋធ្វើស្រែនៅតំបន់វាលស្រងែឱ្យបានគ្រប់គាន់។ ក្នុងករណីផ្គត់ផ្គង់ទឹកមិនគ្រប់ត្រូវសងការខូចខាតជូនប្រជាពលរដ្ឋវិញតាមកិច្ចសន្យា ដែលបានធ្វើជាមួយភាគីប្រជាពលរដ្ឋប្រើប្រាស់ទឹកលើកលែងតែមានករណីប្រធានស័ក្តិ។
៥៖ ភាគីប្រជាពលរដ្ឋដែលបានធ្វើកិច្ចសន្យាទិញទឹកពីលោក ហង់ សុគន្ធ មានកាតព្វកិច្ចបង់ថ្លៃទឹកតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នារវាងភាគីទាំង២។ ក្នុងករណីមិនបង់ថ្លៃទឹកតាមកិច្ចសន្យានោះ លោក ហង់ សុគន្ធ នឹងមិនបន្តផ្គត់ផ្គង់ទឹកទៀតទេ។
៦៖ ក្រោមការសម្របសម្រួលរបស់អភិបាលខេត្តភាគីលោក ហង់ សុគន្ធ យល់ព្រមបញ្ចុះតម្លៃទឹកជូនប្រជាពលរដ្ឋពី១១០ដុល្លារ/ហិកតា មកត្រឹមតែ៩៥ដុល្លារ/ហិកតា ក្នុងដំណាក់កាលជាបណ្តោះអាស្នន ក្រោយមានការតភ្ជាប់បណ្តាញអគ្គិសនី រដ្ឋបាលខេត្តនឹងបន្តពិភាក្សាតម្លៃទៀតតាមស្ថានភាពជាក់ស្តែង៕