(ឧត្តរមានជ័យ)៖ នាយក នាយករងរដ្ឋបាល និងមន្ត្រីចំនួន៥នាក់ផ្សេងទៀត ចំណុះរដ្ឋបាលខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសផ្លាស់ប្តូរតួនាទីភារកិច្ច និងចូលកាន់តំណែងជាផ្លូវការ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងមន្ត្រីរាជការជាច្រើនរូបទៀត។

ពិធីប្រកាសនាពេលនេះ លោក រិទ្ធី ប៉ាក់ អតីតអភិបាលស្រុកចុងកាល់ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជានាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ, លោក ម៉េត មាសភក្តី ត្រូវបានតែងតាំងជានាយករងរដ្ឋបាល សាលាខេត្ត ព្រមទាំងមន្ត្រីចំនួន៥នាក់ទៀត ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជាប្រធានអនុការិយាល័យផងដែរ។

នៅក្នុងឱកាសនោះលោក មាន ចាន់យ៉ាដា បានថ្លែងស្វាគមន៍ដោយក្តីសោមនស្សរីករាយ ចំពោះលោក រិទ្ធី ប៉ាក់ ដែលត្រូវប្រកាសចូលកាន់តំណែងជានាយករដ្ឋបាលសាលាខេត្ត និងលោក ម៉េត មាសភក្តី ត្រូវប្រកាសចូលកាន់ តំណែងជានាយរងករដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីចំណុះរចនាសម្ព័ន្ធរដ្ឋបាលសាលាខេត្តទាំង៥រូបទៀតផងដែរ។

លោក មាន ចាន់យ៉ាដា បានថ្លែងណែនាំ និងផ្តាំផ្ញើមន្ត្រីទាំងអស់ដែលបានប្រកាសចូលកាន់តំណែងនាពេលនេះ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អអង្គភាព ក៏ដូចជាជាមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធក្រុង ស្រុក ដើម្បីឱ្យការងាររបស់ខ្លួនសម្រេចបានជោគជ័យ៕