(ភ្នំពេញ)៖ ក្រសួងព័ត៌មាន, ក្រសួងកិច្ចការនារី, អង្គការ យូណេស្កូ (UNESCO) និងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានរួមគ្នារៀបចំរៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំស្ដីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្តី»។
សិក្ខាសាលានេះ បានការអញ្ជើញជាអធិបតីភាពពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោក Sardar Umar Alam ប្រធានប្រចាំប្រទេសអង្គការ UNESCO, លោកស្រី Susanna Elmberger ទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៃស្ថានទូតស៊ុយអែត ប្រចាំកម្ពុជា ព្រមទាំងវត្តមានថ្នាក់ដឹកនាំបណ្តាអង្គភាពសារព័ត៌មានរដ្ឋ និងឯកជនជាច្រើនរូបទៀត។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញក្តីសង្ឃឹមថាវេទិកានេះ នឹងធ្វើឱ្យអ្នកសារព័ត៌មានយល់កាន់តែច្បស់អំពីតួនាទីរបស់ខ្លួន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្នស្ថានភាព វិសមភាពយេនឌ័រនៅកម្ពុជា មានភាពប្រសើរជាងមុនទាំងក្នុងវិស័យអប់រំ និងក្នុងវិស័យការងារ។ ការផ្លាស់ប្តូរផ្នត់គំនិតបុរាណពី «ស្ត្រីបង្វិលចង្ក្រានមិនជុំ ទៅជាស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»។ ចំណុចនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការលើកកម្ពស់យេនឌ័រ និងការជំរុញឱ្យស្ត្រីចូលរួមនៅក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចឱ្យបានច្រើនដូចបុរសដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគិតគូរ និងខិតខំយកចិត្តទុកដាក់ លើការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី តាមរយៈការដាក់ចេញនូវគោលនយោបាយបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗជាច្រើន។
ចំណែកលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ ផ្នត់គំនិត និងអាកប្បកិរិយា និងផ្នត់គំនិតសង្គម ខណៈភាពជឿនលឿន ផ្នែកបច្ចេកវិទ្យារួមទាំងបញ្ញាសិប្បនិម្មិត បានបង្កើតហិង្សាទាក់ទងនឹងយេនឌ័រ។
លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រជាតិ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដែលហៅថា នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ផ្តោតលើការជំរុញការបញ្ជ្រាបយេនឌ័រក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍គ្រប់វិស័យ និងគ្រប់កម្រិត រួមទាំងការផ្តល់អាទិភាពក្នុងផ្លាស់ប្តូរផ្នត់គំនិតយេនឌ័រ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។
លោកស្រីរដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្នសាធារណៈជនត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលអាចជឿទុកចិត្តបាន និងមានព័ត៌មាន ទិន្ន័យគ្រប់គ្រាន់ ទាក់ទងនឹងយេនឌ័រ រួមបញ្ចូលទាំងផ្នត់គំនិតយេនឌ័រ តួនាទីយេនឌ័រ ក្នុងសង្គម និងក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះដើម្បីសម្រេចបានកិច្ចការនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវ ពិភាក្សា និងបង្កើតដំណោះស្រាយរួមគ្នា និងអនុវត្តគោលនយោបាយ និងសកម្មភាពឆ្លើយតបនឹងយេនឌ័រ តាមរយៈគោលការណ៍របស់រាជរដ្ឋាភិបាល គឺមិនទុកនរណាម្នាក់នៅឯកាដោយរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាពិសេសនៅក្នុងគោលដៅទី៥ ស្តីពីសមភាព យេនឌ័រ និងគោលដៅទី១៦ ស្តីពីសន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ។
បើតាមលោក Sardar Umar Alam បានថ្លែងថា ដើម្បីឈានទៅសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាពិសេសនៅក្នុងគោលដៅទី៥ ស្តីពីសមភាពយេនឌ័រ ការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេង និងគោលដៅទី១៦ ស្តីពីសន្តិភាព យុត្តិធម៌ និងស្ថាប័នដែលរឹងមាំ ហើយសមភាពយេនឌ័រ គឺជាបុរេលក្ខខណ្ឌ ដើម្បីឈានទៅសម្រេចគោលដៅ (SDGs) ១៧។
លោក Sardar Umar Alam បានបន្តថា ទិន្នន័យសកលបានបង្ហាញថា មានស្ត្រីប្រមាណ ៧៣៦លាននាក់ ពោលគឺក្នុងចំណោម៣នាក់ មានស្ត្រីជិត១នាក់ បានជួបប្រទះអំពើហិង្សា ក្នុងជីវិតរបសើពួកគេ។ ដោយឡែកនៅកម្ពុជា របាយការណ៍របស់យូណេស្កូ មួយស្តីពីវត្តមានរបស់ស្ត្រីនៅក្នុងសារព័ត៌មាន បានរកឃើញថាសារព័ត៌មាន តែត្រឹម១៧ភាគរយប៉ុណ្ណោះដែលនិយាយពីប្រធានបទ សមភាពយេនឌ័រ និងតែ ១ភាគរយប៉ុណ្ណោះដែលនិយាយអំពើហិង្សា ពាក់ព័ន្ធនឹងយេនឌ័រ។
ដោយឡែកសម្រាប់លោកស្រី Susanna Elmberger បានថ្លែងថា បើតាមទិន្នន័យសកលស្ត្រីរៀងរាល់១០នាទីម្តង ស្ត្រី ត្រូវបានគេសម្លាប់ដោយដៃគូរបស់ខ្លួន ឬមនុស្សគេស្គាល់រៀងរាល់ ១០នាទី គឺតែងតែមានហេតុការណ៍នេះកើតឡើង។ ដោយឡែកជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា ស្ត្រី និងក្មេងស្រី ត្រូវបានគេបៀតបៀនតាមប្រពន្ធអនឡាញផងដែរ ចំណែកនៅប្រទេសកម្ពុជា ក្នុងចំណោមស្ត្រី៥នាក់ មាន១នាក់ ត្រូវបានរាយការណ៍ថាជួបប្រទះអំពើហិង្សាផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទពីដៃគូស្និទ្ធស្នាលបច្ចុប្បន្ន ឬអតីតដៃគូរបស់ពួកគេ។
លោកស្រីបានបន្តថា ចំពោះបញ្ហានេះក៏មិនត្រូវរាយការណ៍ឱ្យបានពេញលេញនោះទេ ដោយសារតែបទដ្ឋានយេនឌ័រ ដែលនាំឱ្យមានគ្រោះថ្នាក់ ចំណុចនេះត្រូវបានបញ្ជាក់តាមការវាយតម្លៃថ្មីៗនេះរបស់អង្គការយូរណេស្កូ ពោលគឺមានសារព័ត៌មាន តែ១ភាគរយប៉ុណ្ណោះដែលបានរាយការណ៍ពាក់ព័ន្ធការប្រើអំពើហិង្សាលើយេនឌ័រ និងក្មេងស្រី ហើយ៧ភាគរយប៉ុណ្ណោះដែលបានរាយការណ៍ពីសមភាពយេនឌ័រ។
វេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ រៀបចំឡើងដើម្បីកៀងគរភាគីពាក់ព័ន្ធសំខាន់ៗ ចូលរួមសហការគ្នាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងដោះស្រាយបញ្ហាសំខាន់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ។ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរ
ផ្នត់គំនិត និងអាកប្បកិរិយា និងផ្នត់គំនិតសង្គម។ ភាពជឿនលឿនផ្នែកបច្ចេកវិទ្យារួមទាំងបញ្ញាសិប្បនិម្មិត (AI) ផ្នត់គំនិតយេនឌ័រ (ហិង្សាទាក់ទងនឹងយេនឌ័រ)ក៏ត្រូវបានប្រើប្រាស់ក្នុងបច្ចេកវិទ្យាឌីជីថល ជាហេតុត្រូវជំរុញឱ្យមានការគិតគូដល់សុវត្ថិភាពលើប្រព័ន្ធអ៉ីនធឺណិតរបស់ស្ត្រី និងកុមារ ជនងាយរងគ្រោះ រួមទាំងស្ត្រីអ្នកសារព័ត៌មានផងដែរ។
គោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីតួនាទីភាគីពាក់ព័ន្ធនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី និងជំរុញការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី និងជនងាយរងគ្រោះប្រកបដោយវីជ្ជាជីវៈ, លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពី ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី និងគោលការណ៍ណែនាំស្តីពីសុវត្ថិភាពរំញោចយេនឌ័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយចម្រុះ សមភាព និងបរិយាបន្ន, បង្កើតបរិយាកាសពិភាក្សា កំណត់អត្តសញ្ញាណ ការអនុវត្តល្អ និងចែករំលែកអនុសាសន៍ជាមួយគ្រប់ភាគីពាក់ព័ន្ធរួមទាំងដំណោះស្រាយរួមគ្នាដើម្បីពង្រឹងក្របខ័ណ្ឌគតិយុត្តិពាក់ព័ន្ធ៕