(តាកែវ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសទទួលស្គាល់ខេត្តតាកែវ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួមសរុបប្រមាណ ១,៤១៦នាក់ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារមាត់បឹងខេត្តតាកែវ។

យោងតាមរបាយការណ៍ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបង្ហាញថា ក្នុងខេត្តតាកែវមានគ្រួសារទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទកម្រិតមូលដ្ឋានមានចំនួន២១០,១២១គ្រួសារ ស្មើនឹង ៩៤.៨៥% និងខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ ១០០% ក្នុងនោះខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន២០៩,៣០៨ខ្នងផ្ទះ ស្មើនឹង ៩៤.៤៩% និងប្រើប្រាស់បង្គន់រួមចំនួន ១២,២០០ខ្នងផ្ទះ ស្មើនឹង ៥.៥១% ជាពិសេសខ្នងផ្ទះដែលមានកន្លែងលាងដៃនឹងសាប៊ូស្មើនឹង ១០០% និងខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិភាពស្មើនឹង ១០០%។

លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននិងសមិទ្ធផលនានា ដែលខេត្តតាកែវសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្តនាពេលនេះ។

លោករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា អង្គពិធីដ៏អធិកអធមនេះអាចប្រព្រឹត្តទៅបានដោយសារគុណនៃសុខសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេង ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស។

លោករដ្ឋមន្រ្ដីបានបន្តថា បច្ចុប្បន្នក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨.៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦.០៩% និងអនាម័យ ៩១.៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។

សូមជម្រាបថា នៅត្រឹមពេលនេះមានខេត្តចំនួន១៣ ហើយដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ រាធានីភ្នំពេញ (ODF Plus) និងខេត្តតាកែវ ជាខេត្តទី១៣ ដែលប្រារព្ធពិធីនាឱកាសនេះ ហើយក្រសួងនឹងធ្វើពិធីប្រកាសខេត្ត ODF ចំនួន១ខេត្តទៀត គឺខេត្តស្ទឹងត្រែង នៅពាក់កណ្តាលខែធ្នូនេះ ដែលនឹងធ្វើឱ្យចំនួនរាជធានី-ខេត្ត ODF កើតឡើងដល់១៤ ក្នុងចំណោមរាជធានី-ខេត្តទាំង២៥នៅកម្ពុជា៕