(ភ្នំពេញ)៖ យន្តហោះរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង បានចុះចតនៅព្រលានយន្តហោះអន្តរជាតិ ហើយនៅម៉ោងប្រមាណ ១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ខណៈដែលមន្រ្តីជាន់ខ្ពស់កម្ពុជា កំពុងរងចាំស្វាគមន៍ប្រធានាធិបតី នៃប្រទេសមហាអំណាចនេះយ៉ាងកក់ក្តៅ។ ការមកដល់របស់លោក ស៊ី ជិនពីង បានធ្វើឡើងមុនការកំណត់រយៈពេលកន្លះម៉ោង។
លោក ស៊ី ជិនពីង បាននិងកំពុងមកទស្សនកិច្ចជាផ្លូវការលើកដំបូងនៅកម្ពុជា រយៈពេល២ថ្ងៃ ក្នុងនាមលោកប្រធានាធិបតីចិន ដែលទស្សនកិច្ចនេះចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៤ ខែតុលា ឆ្នាំ២០១៦។ អំឡុងដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិននេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗយ៉ាងតិចចំនួន២៨។
តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា អំឡុងពេលមកកាន់ប្រទេសកម្ពុជា លោក ស៊ី ជិនពីង នឹងចូលគាល់សម្តេចម៉ែ និងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង និងបន្តជួបពិភាក្សាការងារ សំខាន់ៗ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាវិមានសន្តិភាព៕