(កំពង់ធំ)៖ បន្ទាប់ពីទទួលបានដីស្រែដែលរាជរដ្ឋាភិបាលបានកាត់ឆ្វៀលចេញពីតំបន់៣នោះ ប្រជាកសិករនៅស្រុកតាំងគោក ខេត្តកំពង់ធំ មានតែក្ដីរីករាយត្រេកអរ ហើយកំពុងមមាញឹកនឹងការធ្វើស្រែរដូវប្រាំង ឬស្រូវបណ្ដេញទឹកយ៉ាងសស្រាក់សស្រាំ ពោលគឺនៅផ្នែកខាងក្រោម ដែលទើបតែកាត់ឆ្វៀលពីតំបន់៣នៃតំបន់ជុំវិញបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ រីឯកសិករនៅផ្នែកខាងលើដែលធ្វើស្រូវបានផលបណ្ដើរៗហើយនោះ ក៏កំពុងញញឹមពព្រាយនឹងតម្លៃស្រូវដែលលក់បានថ្លៃជាងឆ្នាំមុនៗ។
គួរជម្រាបថា ក្នុងភូមិសាស្ត្រស្រុកតាំងគោក យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណជាង១,៥០០គ្រួសារ ដែលទទួលបានដីកាត់ឆ្វៀលដីចេញពីតំបន់៣ សម្រាប់អាស្រ័យផលធ្វើស្រែ ក្នុងនោះមាននៅឃុំទ្រៀល ឃុំស្រឡៅ និងឃុំពង្រ។
នៅតំបន់បឹងកោះរះ នៃឃុំស្រឡៅ គឺពោរពេញទៅដោយស្រូវពង្រោះដែលទើបតែបែកមាត់ចាប ខ្លះចេញស្លឹកបៃតងរាយច្បោល កសិករម្ចាស់ស្រែនៅទីនោះក៏ទើបទទួលបានដីកាត់ឆ្វៀលពីតំបន់៣ផងដែរ។ កំពុងចុះមើលស្រែថែស្រូវ កសិករ ឡុញ ស៊ុយ ពិតជាមមាញឹកក្នុងការប្រកបរបរកសិកម្មនាឆ្នាំនេះ ព្រោះក៏ទើបបានទទួលដីធ្វើស្រែយ៉ាងពេញចិត្តដែលរាជរដ្ឋាភិបាលបានកាត់ឆ្វៀលឱ្យ ម្យ៉ាងបញ្ហាទឹកស្រោចស្រពស្រូវ និងផ្លូវធ្វើដំណើរទៅកាន់ស្រែស្រូវទៀតនោះក៏មិនចោទជាបញ្ហាដែរ ដោយសារតែបច្ចុប្បន្នមានការអភិវឌ្ឍភូមិឃុំកាន់តែរីកចម្រើន ប្រឡាយខ្វាត់ខ្វែងកាត់គ្នាតាមទំនាបកសិកម្ម ផ្លូវធ្វើដំណើរទៅដល់ទីស្រែតែម្ដង។
មិនខុសពីប្រជាកសិករដទៃទៀតដែរ កសិករ ឡុញ ស៊ុយ កាន់តែមានទឹកចិត្តបង្កបង្កើនផលកសិកម្មនៅរដូវនេះ នៅពេលឃើញតម្លៃស្រូវថ្លៃជាងឆ្នាំមុនៗ ហើយក៏នៅតែរំពឹងថានៅពេលស្រូវរបស់គាត់ដល់ពេលច្រូតកាត់ តម្លៃស្រូវនឹងនៅថេរ ឬឡើងថ្លៃជាងនេះក៏កាន់តែប្រសើរសម្រាប់ប្រជាកសិករគ្រប់រូប។ ម្យ៉ាងវិញទៀត កសិករ ឡុយ ស៊ុយ ដែលជាប្រធានសហគមន៍កសិករកោះរះផងនោះ ក៏បានស្នើឱ្យមានការទម្លាក់ថ្លៃវត្ថុធាតុដើមកសិកម្ម ដូចជា ជី ថ្នាំ ប្រេងជាដើម ដើម្បីឱ្យប្រជាកសិករកាន់តែទទួលបានផលចំណេញពីមុខរបរកសិកម្មមួយនេះ។
នៅឯឃុំពង្រឯណេះ ប្រជាកសិករខ្លះកំពុងប្រមូលផលស្រូវបណ្ដើរៗហើយ ម្នាក់ៗកំពុងមមាញឹកនឹងការច្រូតស្រូវ ច្រកស្រូវ លើកថ្លឹងលក់ភ្លាមៗ ជាមួយនឹងតម្លៃស្រូវគួរជាទីគាប់ចិត្ត។ ថ្លែងប្រាប់ពីទិដ្ឋភាពទូទៅនៃការប្រមូលផលស្រូវនៅភូមិសាស្ត្រឃុំស្រឡៅ លោក ជុំ ពើប ប្រធានសហគមន៍កសិករនៅស្រុកតាំងគោក បានឱ្យដឹងថា ស្រូវរបស់ប្រជាកសិករដែលកំពុងប្រមូលផលនេះ ក្នុង១ហិកតាអាចបានចាប់ពី៥តោនទៅ៦តោន ដែលទិន្នផលនេះអាចចាត់ទុកថាល្អបង្គរ ពីព្រោះតែមានទឹកស្រោចស្រពបរិបូរណ៍ ដីមានជីវជាតិល្អមិនសូវប្រើជីច្រើនដង ខណៈតម្លៃស្រូវឆ្នាំនេះជាតម្លៃត្រេកអរបំផុតសម្រាប់ប្រជាកសិករ។
ប្រធានសហគមន៍កសិករនៅស្រុកតាំងគោករូបនេះបានបញ្ជាក់ថា នៅភូមិសាស្ត្រស្រុកតាំងគោកឆ្នាំនេះ ក៏នឹងមានគម្រោងស្ដារប្រព័ន្ធធារាសាស្ត្របន្ថែមទៀត ដូច្នេះលោកក៏បានណែនាំដល់ប្រជាកសិករ សូមកុំទាន់ធ្វើស្រូវប្រាំងលើកទី២ឱ្យសោះ ហើយសូមឱ្យប្រជាពលរដ្ឋចូលរួមស្ដាប់នូវការណែនាំរបស់សហគមន៍ និងអនុវត្តតាម ក្រែងមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ ខូចស្រូវក្នុងស្រែ ខាតទាំងលុយកាក់ទៅទៀត។
កំពុងច្រកស្រូវនៅលើក្បាលស្រែ អ្នកមីង សុខ រ៉ា មានទឹកមុខញញឹមរីករាយនឹងការប្រមូលផលស្រូវរបស់ខ្លួន។ ដ្បិតមានស្រែតែ១ហិកតា ប៉ុន្តែអ្នកមីងនៅតែត្រេកអរនឹងតម្លៃស្រូវបានដល់១,១០០រៀលក្នុងមួយគីឡូក្រាម។ អ្នកមីងបានបញ្ជាក់ថា ការណ៍ដែលធ្វើស្រូវបានផលល្អ ក៏ព្រោះមានប្រឡាយទឹក មានផ្លូវខ្វាត់ខ្វែងនៅជាប់ទីស្រែ ដែលធ្វើឱ្យគ្រួសារអ្នកមីង ក៏ដូចជាកសិករទូទៅងាយស្រួលក្នុងការដឹកស្រូវពូជទៅព្រោះ ធ្វើដំណើរទៅមក ដឹកជញ្ជូនកសិផលជាដើម ប្រការនេះគឺជាមនុញ្ញផលដែលបានពីការអភិវឌ្ឍ និងខិតខំរបស់អាជ្ញាធរ ពិសេសគឺការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ។
ជាមេឃុំដែលទទួលបានកោតសរសើរពីថ្នាក់លើ លោក អ៊ុំ គឹមសាន មេឃុំពង្រ បានបញ្ជាក់ថា ផ្ទៃដីធ្វើស្រែនៅក្នុងភូមិសាស្ត្រឃុំពង្រមានប្រមាណជាង៤,០០០ហិកតា ខណៈរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រជាកសិករភាគច្រើនធ្វើស្រែបាន២ដងក្នុងមួយឆ្នាំ ក្នុងនោះចាប់ពីខែមេសា ដល់ខែកក្កដា ធ្វើបានម្ដង និងចាប់ពីចុងខែកក្កដា ឬដើមខែសីហា ដល់ខែវិច្ឆិកា ឬដល់ខែធ្នូ ធ្វើបានម្ដងទៀត ដោយពពួកស្រូវប្រាំងទាំងនេះជាមធ្យមមានអាយុ៨៥ថ្ងៃ។
ក្នុងនាមតំណាងឱ្យប្រជាពលរដ្ឋក្នុងឃុំពង្រ ស្រុកតាំងគោក លោកមេ អ៊ុំ គឹមសាន បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកចំពោះប្រជាពលរដ្ឋ ពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេឃុំថា ប្រជាកសិករមានដីធ្វើស្រែ លក់ស្រូវបានថ្លៃ បានប្រាក់ចំណូលបន្ថែមក្នុងការលើកស្ទួយជីវភាព ក៏ព្រោះមានសំណាងដែលបានប្រមុខរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយមនុញ្ញផលនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋនៅឃុំពង្រនៅតែគាំទ្ររាជរដ្ឋាភិបាលតាំងពីដើម និងបន្តគាំទ្រនាអាណត្តិខាងមុខទៀត។
បង្ហូរទឹកចិត្តរីករាយនៅលើដីស្រែដែលបានពីក្ដីសណ្ដោសរបស់រាជរដ្ឋាភិបាល កសិករ ឡុញ ស៊ុយ ក៏ដូចជាកសិករដទៃទៀតនៅឃុំស្រឡៅ ស្រុកតាំងគោក មានតែការថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាកសិករដែលត្រូវការដីប្រកបរបរកសិកម្ម ហើយកសិករ ឡុញ ស៊ុយ ក៏មានតែការតបស្នងចំពោះរាជរដ្ឋាភិបាលតាមរយៈការបន្តគាំទ្រនូវការដឹកនាំគ្រប់ៗអាណត្តិ។
សូមរំឭកថា កាលពីឆ្នាំមុនៗ មូលដ្ឋានកសិកម្មនៅទូទាំងប្រទេសភាគច្រើនបានជួបនូវការខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង ដោយសារជួបនូវភាពរាំងស្ងួតផង រីឯកសិករមួយចំនួនក៏ប្រថុយធ្វើស្រែលើសពី២ដង ក្នុងនោះនៅស្រុកតាំងគោកក៏ជួបនូវបញ្ហានេះដូចគ្នា ប៉ុន្តែក្រោមការខិតខំរបស់រដ្ឋបាលខេត្តកំពង់ធំ មន្ទីរ អង្គភាព ក៏ដូចជាអាជ្ញាធរស្រុក អាជ្ញាធរឃុំ សហគមន៍ពាក់ព័ន្ធផងនោះ ស្រែស្រូវសឹងតែទាំងអស់ត្រូវបានសង្គ្រោះឡើងវិញ ដែលធ្វើឱ្យកសិករគ្រប់គ្នាត្រូវប្រុងប្រៀបមានវិធានការស្តុកទឹករក្សាទុកសម្រាប់ស្រោចស្រពឱ្យបានគ្រប់គ្រាន់នៅក្នុងឆ្នាំនេះ៕