(សេអ៊ូល)៖ មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប ដែលទទួលបន្ទុកតាមដានបញ្ហាសិទ្ធិមនុស្សនៅ កូរ៉េខាងជើង បានលើកឡើងនូវតម្រូវការចាំបាច់ ក្នុងការធ្វើយ៉ាងណាឲ្យប្រជាជនកូរ៉េខាងជើង អាចទទួលបានព័ត៌មាន ពីក្រៅប្រទេស និងយន្តការផ្សេងទៀត ដែលនឹងជួយឲ្យពួកគេយល់ច្បាស់ ពីស្ថានភាពពិតនៃរបបដឹកនាំរបស់ប្រទេស កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័តមានកូរ៉េខាងត្បូង យុនហ៉ាប់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៣។

ថ្លែងនៅក្នុងវេទិកាពិភាក្សាស្តីពីសិទ្ធិមនុស្សនៅ កូរ៉េខាងជើង អគ្គរដ្ឋទូតអាមេរិកលោក Robert King បានលើកឡើងថា «ភាពជោគជ័យនៃរបបដឹកនាំទីក្រុង ព្យុងយ៉ាង ក្នុងការរក្សារនូវការគ្រប់គ្រប និងការគាបសង្កត់ទៅលើប្រជាជនកូរ៉េខាងជើង គឺវាអាស្រ័យយ៉ាងខ្លាំង ទៅលើសមត្ថភាព នៃការគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាការទទួលបានព័ត៌មាននានា នៅក្នុងប្រទេសមួយនេះ»។

លោក បានបន្តទៀត «វាប្រាកដណាស់ថា ប្រជាជននៅក្នុងប្រទេសកុម្មុយនិស្តដ៏ឯកោមួយនេះ មានការ ស្រេកឃ្លានចង់បាននូវព័ត៌មាន ហើយពួកយើងចាំបាច់ត្រូវតែ ផ្តល់ព័ត៌មានពីពិភព ខាងក្រៅទៅដល់ ប្រជាជនកូរ៉េខាងជើង ដើម្បីឲ្យពួកគេដឹងពីអ្វីដែលបាន និងកំពុងកើតឡើងនៅជុំវិញពិភពលោក»។ យ៉ាងណាមិញ លោក Robert King បានបញ្ជាក់ថា វាមិនមែនជារឿងងាយស្រួលនោះឡើយ ប៉ុន្តែយើង ត្រូវផ្តោតសំខាន់លើការស្វែងរកមធ្យោបាយយ៉ាងណា ដើម្បីនាំយកព័ត៌មានពីពិភពខាងក្រៅ ចូលទៅកាន់ប្រទេស កូរ៉េខាងជើង ឲ្យបាន។

គួរបញ្ចាក់ថា ប្រទេសកុម្មុយនិស្តមួយនេះ ត្រូវបានគេចាត់ទុកជាយូរមកហើយថា ជាប្រទេសដែល បំពានសិទ្ធិមនុស្សខ្លាំងជាងគេ នៅក្នុងសកលលោក ប៉ុន្តែទីក្រុងព្យុងយ៉ាង បានបដិសេដការចោទប្រកាន់ នេះ ដោយបានអះអាងថា វាជាការប៉ុនប៉ងដែលដឹកនាំដោយអាមេរិក ក្នុងផ្តួលរំលំរបបដឹកនាំ របស់ខ្លួន ដែលមានប្រជាជនទូទាំងប្រទេស គោរពស្រឡាញ់យ៉ាងខ្លាំងនោះ៕