(សេអ៊ូល)៖ មន្ត្រីមួយរូបនៃក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជនជាតិកូរ៉េខាងត្បូង ០៣នាក់ ក្នុងនោះមានបុរសពីរនាក់ និងស្ត្រីម្នាក់ ដែលអ្នកទំាងនេះ មានអាយុខ្ទង់ ៤០ឆ្នាំ ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃអង្គារ នៅក្នុងទីក្រុង Bacolod ស្ថិតនៅក្បែររដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦។
ជុំវិញអំពើឃាតកម្មនេះដែរ ខាងមន្ត្រីស្ថានទូតនៃប្រទេសហ្វីលីពីន មិនទាន់ធ្វើអាត្ថាធិប្បាយលម្អិត នៅឡើយទេ ខណៈយុទ្ធធនាការប្រយុទ្ធប្រឆាំងនឹង គ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន បានបណ្ដាលឱ្យមនុស្សជាង ៣,៦០០ នាក់បាត់បង់ជីវិត គិតចាប់តំាងពីខែកក្កដាមក។ ក៏ប៉ុន្តែ បើតាមមន្ត្រីស្ថានកុងស៊ុលកូរ៉េខាងត្បូង ប្រចំាទីក្រុង ម៉ានីល ជនរងគ្រោះទំាងអស់ត្រូវបាន គេបាញ់សម្លាប់នៅត្រង់ក្បាល ហើយក្នុងចំណោមពួកគេមានម្នាក់ដៃជាប់ ចំណង។
គួររំលឹកថា បើតាមភាគីកូរ៉េខាងត្បូង រាប់ទំាងជនរងគ្រោះទំាង ០៣នាក់ខាងលើ ចំនួនពលរដ្ឋ កូរ៉េខាងត្បូង ដែលត្រូវបានសម្លាប់នៅ ហ្វីលីពីន ក្នុងឆ្នាំ២០១៦នេះ កើនឡើងដល់ ០៦នាក់ បើធៀបទៅនឹងឆ្នាំ២០១៥ ជនជាតិ កូរ៉េខាងត្បូង សរុប១១នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕