(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានប្រកាសណែនាំឱ្យក្រុមហ៊ុនសំណង់នៅកម្ពុជាទាំងអស់ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងនគរូបនីយបញ្ញត្តិ ពិសេសត្រូវផ្សាភ្ជាប់ជាមួយរចនាបថបែបខ្មែរឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។
ក្នុងបណ្ដាញសង្គម Facebook ផ្លូវការរបស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានឱ្យដឹងថា ការប្រកាសយ៉ាងមុតមាំបែបនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ស្ថាបត្យកម្ម សំណង់ អចលនទ្រព្យ និងការគ្រប់គ្រងសណ្ឋាគារ» នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នាទីស្ដីការក្រសួងរៀបចំដែនដី។
លោកទេសរដ្ឋន្រ្តីបានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវឲ្យសំណង់ស្ថាបត្យកម្មទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា គោរពតាមបទដ្ឋានបច្ចេកទេស និងនគរូបនីយបញ្ញាត្តិ ព្រមទាំងសូមជួយផ្សាភ្ជាប់ជាមួយរចនាបថខ្មែរ តាមដែលអាចធ្វើទៅបាន»។
សូមជម្រាបថា តាមរយៈការសិក្សាស្រាវជ្រាវ ក្នុងខែសីហា ឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានសំណង់ បានរកឃើញថា គម្រោងសំណង់ទូទាំងប្រទេសកម្ពុជា មានចំនួនសរុប «២៥៣គម្រោង ក្នុងផ្ទៃក្រឡា ២៨៤,៦០១ម៉ែត្រការេ» ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ «១០៩,៥៨៦,៣៥៧ដុល្លារ» បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៥ មានចំនួន ២១១គម្រោង មានផ្ទៃក្រឡាសាងសង់ សរុប ១,០៩១,៤៨៨ម៉ែត្រការេ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥៣១,៣៨១,០០១ដុល្លារ គឺមានការថយចុះ ៧៩,៣៧ភាគរយ៕