Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ កម្ចីអនឡាញ និងកម្ចីក្រៅប្រព័ន្ធ បានជះចំហាយមិនល្អដល់គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ (Video inside)

04-12-2024 18:27

(ភ្នំពេញ)៖ លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងឲ្យដឹងថា កម្ចីអនឡាញ និងកម្ចីក្រៅប្រព័ន្ធ បានជះចំហាយមិនល្អដល់គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ព្រោះកម្ចីអនឡាញ​ និងកម្ចីក្រៅប្រព័ន្ធនេះ ជាប្រភេទកម្ចីដែលមិនមានក្រមសីលធម៌ ធ្វើឲ្យប៉ះពាល់ដល់អតិថិជនយ៉ាងធ្ងន់ធ្ងរ។

ការលើកឡើងរបស់លោក សុខ វឿន ធ្វើឡើងក្នុងកម្មវិធីកិច្ចពិភាក្សាតុមូលស្ដីពី ស្ថានភាពបំណុលនៅកម្ពុជា រៀបចំឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា។

លោក សុខ វឿន បានថ្លែងឲ្យដឹងថា កម្ចីអនឡាញ ឬកម្ចីក្រៅប្រព័ន្ធ អតិថិជនទាំងអស់មិនគួរ ទៅប៉ះពាល់នោះទេ ដោយសារតែកម្ចីទាំងនេះបានប៉ះពាល់ដល់អតិថិជនជាខ្លាំង ជាពិសេសកម្ចីក្រៅប្រព័ន្ធ បើអតិថិជនមិនមានលទ្ធភាពសង និងឈានដល់ការរឹបអូសទ្រព្យសម្បត្តិនានា ដែលកម្ចីនេះ ជាកម្ចីមិនមានក្រមសីលធម៌ ប៉ះពាល់ដល់អតិថិជន ធ្វើឲ្យអតិថិជនរងគ្រោះកាន់តែធ្ងន់ធ្ងរ។

លោកបានបន្ថែមថា «កម្ចីអនឡាញ និងកម្ចីក្រៅប្រព័ន្ធ បានជះចំហាយមិនល្អ ដល់គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ព្រោះថា គ្រឹះស្ថានផ្លូវការផ្ដល់កម្ចីដល់អតិថិជន ចំពេលដែលអតិថិជនកំពុងរងគ្រោះដោយសារកម្ចីក្រៅប្រព័ន្ធ ឬកម្ចីអនឡាញនេះ អតិថិជននឹងគិតថា គ្រឹះស្ថានផ្លូវការក៏បានផ្ដល់ផលប៉ះពាលដល់ខ្លួនដែរ។ នេះជាបញ្ហាមួយ ដែលនាំឲ្យគ្រឹះស្ថានផ្លូវការ ក្លាយជាជនរងគ្រោះក្នុងចំណោមនោះផងដែរ»

លោកបានបញ្ជាក់ថា «ខ្ញុំលើកឡើងត្រង់ចំណុចនេះ មិនមែនមានន័យថា គ្រឹះស្ថានផ្លូវការសុទ្ធតែល្អ គ្រប់ចំណុចនោះទេ ពេលខ្លះយើងក៏មានចំណុចខ្វះខាតខ្លះៗផងដែរ។ បច្ចុប្បន្ននេះយើងកំពុងព្យាយាមធ្វើយ៉ាងណាឲ្យគ្រឹះស្ថាន កាន់ឈានទៅរកចំណុចដែលល្អឥតខ្ចោះ ដើម្បីបម្រើសេវាកម្មផ្នែកហិរញ្ញវត្ថុ ជូនអតិថិជន ប្រកបដោយភាពពេញលេញ និងសេចក្ដីថ្លៃថ្នូរ»