(អាមេរិក)៖ ការថ្លែងរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ត្រូវបានយកទៅសរសេរនៅក្នុង គេហទំព័រព័ត៌មាន CNN ថា « លោកចង់ឲ្យភ្នាក់ងារអវកាស NASA បញ្ជូនអវកាសយានិកទៅកាន់ ភពអង្គារ ឲ្យច្រើនជាគំរោងបច្ចុប្បន្ន នៅក្នុងអំឡុងឆ្នាំ ២០៣០ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងអាចបង្កើតអាណាចក្រថ្មីនៅទីនោះ»។ នេះបើយោងតាមប្រភពព័ត៌មាន វិទ្យាសាស្រ្ត Space ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ ២០១៦។
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់អូបាម៉ា បានថ្លែងទៀតថា «ពួកយើងមានគោលបំណង និង មហិច្ឆតាដ៏សំខាន់មួយ ដើម្បីបញ្ជូនមនុស្សទៅកាន់ភពអង្គារនៅក្នុងឆ្នាំ ២០៣០ និង អាចត្រឡប់មក ភពផែនដី វិញដោយសុវត្ថិភាព»។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានធ្វើកិច្ចពិភាក្សា ជាមួយនឹង ដៃគូពាណិជ្ជកម្មផ្សេងៗទៀត ដើម្បីសាងសង់កន្លែងស្នាក់នៅថ្មី ដែលអាចទ្រទ្រង់ និង អាចឲ្យអវកាសយានិកធ្វើដំណើរស្រាវជ្រាវ បានប្រសើរជាងយាននៅលើភពអង្គារ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នភ្នាក់ងារអវកាសណាសា របស់អាមេរិក កំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងបង្កើតបច្ចេកវិទ្យា និង បញ្ចូនមនុស្សទៅកាន់ភពអង្គារដើម្បីសិក្សាស្រាវជ្រាវ ឲ្យបានល្អិតល្អន់ អំពីស្ថានភាពនៃភព និងស្រទាប់បរិយាកាសរបស់វា។ ភពអង្គារ គឺជាក្តីសង្ឃឹមដ៏ធំ សម្រាប់របកគំហើញ ផ្នែកវិទ្យាសាស្ត្រ ដែលយើងអាចរង់ចាំតែជាង ១០ឆ្នាំទៀតប៉ុណ្ណោះ ទើបបានលទ្ធផល៕