(ពោធិ៍សាត់)៖ បុរសម្នាក់កំពុងជួសជុលរថយន្តដាច់ក្រឡេ ត្រូវបានរថយន្តដឹកទំនិញ ម៉ាកHino កៀរបោកក្បាលស្លាប់យ៉ាងអាណោចអាធម នៅកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ កើតឡើងនៅវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រ១៦២ និង១៦៣ ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា មុនពេលកើតហេតុជនរងគ្រោះ ឈ្មោះ អៀម វាសនា អាយុ ៣២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបញ្ញាជី ឃុំត្បូងក្រពើរ ស្រុកសន្ទុក ខេត្តកំពង់ធំ បានបើករថយន្តស្ទូច ម៉ាកHyundia ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5606 ក្នុងទិសដៅពីលិចទៅកើត ភ្លាមនោះរថយន្តបានដាច់ក្រឡេក៏ចុះទៅជួសជុលទាំងយប់ ស្រាប់តែវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺ មានរថយន្តដឹកទំនិញ ម៉ាកHino ព័ណ៌ត្រាវ ពាក់ស្លាកលេខ កំពង់ចាម 3A-0579 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បានគៀររថយន្តHyundia នៅចិញ្ចើមថ្នល់ខាងត្បូង បណ្តាលឲ្យអ្នកបើកបរដែលកំពុងជួសជុលរថយន្ត
បែកក្បាលធ្លាយខួរស្លាប់ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធមតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលស្រុកក្រគរ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ សាកសពនៅកន្លែងកើតហេតុរងចាំ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នកបើករថយន្ តបង្កររត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្តទាំង ២គ្រឿង រងចាំដោះស្រាយនៅពេលក្រោយ៕