(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសរុស្ស៊ី បានប្រកាសថា ខ្លួនបានធ្វើការបាញ់សាកល្បងដោយ ជោគជ័យនូវមីស៊ីលផ្លោងចំនួនបីគ្រាប់ ស្ថិតនៅទីតាំងខុសៗគ្នា ដោយការធ្វើតេស្តចំនួនពីរត្រូវបានធ្វើ ឡើងដោយនាវាមុជទឹក មកពីអង្គភាពប្រចាំភាគខាងជើង និងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក រីឯការធ្វើ តេស្តសាកល្បងមួយទៀត ត្រូវបានបាញ់ចេញពីស្ថានីយ៍អាវកាស Plesetsk របស់រុស្ស៊ី។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Russia Today នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦។
ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ការបាញ់សាកល្បងមីស៊ីលផ្លោងខាងលើនេះ ត្រូវបានធ្វើឡើង ជាផ្នែកមួយនៃសមយុទ្ធយោធាដើម្បីត្រៀមខ្លួនប្រយុទ្ធ ហើយតេស្តទាំងបីលើកនេះ បានបាញ់ចំ គោលដៅ ដែលត្រូវបានកំណត់ទុក ដោយជោគជ័យ។
នៅក្រោមផ្ទៃទឹកនៃសមុទ្រ Okhotsk នាវាមុជទឹកនុយក្លេអ៊ែរ Project 667BDR Kalmar Class ដែលមកពីអង្គភាពប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក បានធ្វើការបាញ់មីស៊ីលផ្លោងចំនួនមួយគ្រាប់ ទៅកាន់គោលដៅសម្រាប់ធ្វើតេស្ត Chizha ស្ថិតនៅភាគខាងជើងនៃប្រទេសរុស្ស៊ី ហើយបានបាញ់ចំគោលដៅ គ្មានខុសអ្វីបន្តិចឡើយ។
ទន្ទឹមគ្នានេះដែរ ក៏មានការបាញ់សាកល្បងមីស៊ីលផ្លោងចំនួនមួយគ្រាប់ នៅឯសមុទ្រ Barents ដោយការបាញ់នេះត្រូវបានធ្វើឡើងដោយ បាញ់ចេញពីនាវាមុជទឹក និងត្រូវចំគោលដៅ ដូចគ្នាទៅនឹង ការធ្វើតេស្តនៅឯសមុទ្រ Okhotsk។
ចំណែកឯ នៅក្នុងការធ្វើតេស្តទីបី កងកម្លាំងមីស៊ីលយុទ្ធសាស្រ្តរុស្ស៊ី បានធ្វើការបាញ់សាកល្បង ដោយជោគជ័យមួយទៀត នូវមីស៊ីលផ្លោងអន្តរទ្វីប RS-12M ចេញពីស្ថានីយអាវកាស Plesetsk ដោយមីស៊ីលប្រភេទនេះ ត្រូវបានគេស្គាល់ដោយឈ្មោះម្យ៉ាងទៀតថា Topol-M ដែលជាមីស៊ីល អាចបាញ់ឆ្លងទ្វីបបាន ជាមួយនឹងចម្ងាយ ១០,០០០គីឡូម៉ែត្រ ហើយមានសមត្ថភាពផ្ទុកនូវ ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានឥទ្ធិពលរហូតដល់ ៥៥០គីឡូតោន ទៀតផង៕