(ឧត្តរមានជ័យ)៖ លោកវរសេនីយ៍ទោ ឡាយ គឹមឡេង អាយុ៥៤ឆ្នាំ ជាមេបញ្ជាការរងអាវុធហត្ថខេត្តឧត្តរមានជ័យ ក្នុងពេលចុះល្បាតតាមផ្លូវមួយក្បែរច្រកអន្តរជាតិជាំ ក៏ជ្រុលចង្កូតរថយន្តធ្លាក់ចូលប្រឡាយលិចទាំងរថយន្ត និងមនុស្សក្នុងទឹក បណ្ដាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័មក្នុងរថយន្ត ត្រង់ចំណុចភូមិអូរចិញ្ចៀន ឃុំអង្លង់វែង ស្រុកអន្លង់វែង។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១១៖០០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដោយជនរងគ្រោះបើកបររថយន្តម៉ាក IZUSU DEMIX។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកបររថយន្តចុះពីច្រកអន្តរជាតិជាំ ចេញពីរង្វង់មូលអន្លង់វែង ឆ្ពោះទៅផ្លូវហាយវ៉េ ក្នុងទិសដៅពីកើតទៅលិច និងបន្តល្បាតនៅតាមផ្លូវនានា ក្នុងស្រុកអន្លង់វែង លុះទៅដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូត បណ្តាលឱ្យរថយន្តធ្លាក់ក្នុងទឹកប្រឡាយ លិចទាំងមនុស្ស និងរថយន្តតែម្តង។
ប្រភពខាងលើបន្តថា បន្ទាប់ពីរថយន្តលិចចូលទឹក ក៏មានប្រជាពលរដ្ឋអ្នករកត្រី ២ទៅ៣នាក់ បានរត់ទៅប្រាប់ប្រជាពលរដ្ឋផ្សេងទៀត ដែលនៅអង្គុយលេងក្បែររង្វង់មូល ដើម្បីនាំគ្នាទៅជួយសង្គ្រោះ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញ ក៏បានដឹកជនរងគ្រោះបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែងដែរ តែមិនទាន់ពេល ព្រោះជនរងគ្រោះបានផុតដង្ហើមបាត់ទៅហើយ ទើបកម្លាំងអាវុធហត្ថស្រុក បានប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់សព ក្នុងខេត្តសៀមរាប៕