នគរបាលស្រុកលំផាត់ ចាប់កាណូតដឹកឈើសុក្រំ ៤៨សន្លឹក ខណៈកំពុងបើក នៅទន្លេស្រែពក
13-10-2016 09:45
(រតនគិរី)៖ កម្លាំងនគរបាលស្រុកលំផាត់ សហការជាមួយកម្លាំងបរិស្ថាន ដែនជម្រកសត្វព្រៃលំផាត់ នៅយប់ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់កាណូតមួយគ្រឿង ដែលមានផ្ទុកឈើសុក្រំ ៤៨សន្លឹក នៅចំណុចភូមិកែនសាន់ ឃុំកែងសាន់ ស្រុកលំផាត់ ខេត្តរតនគិរី។
លោកវរសេនីយ៍ត្រី ថេង ចន្ធី អធិការនគរបាល ស្រុកលំផាត់ បានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនកាណូត ខាងលើនេះ កម្លាំងរបស់លោក សហការជាមួយកម្លាំងបរិស្ថាន ដែនជម្រកសត្វព្រៃលំផាត់ ដើរល្បាតតាមដងទន្លេស្រែពក ស្រាប់តែបានប្រទះឃើញកាណូតមួយគ្រឿង គួរឲ្យសង្ស័យក៏ឃាត់ត្រួតពិនិត្យ ខណៈនោះកម្មករលើកាណូតដឹងខ្លួន លោតហែលទឹក គេចខ្លួនបាត់អស់។ លោកអធិការ បានបញ្ជាក់ថា បន្ទាប់ពីឃាត់បានកម្លាំងជំនាញរកឃើញ ឈើសុក្រំ៤៨សន្លឹក រីឯកាណូតដឹកឈើនោះ មានបំពាក់ម៉ាស៊ីន ដល់៤គ្រឿង។
បច្ចុប្បន្នកាណូតដឹកឈើសុក្រំ ខាងលើនេះកំពុងរក្សាទុកនៅកំពង់ដ ទីរួមស្រុកលំផាត់ ដើម្បីបញ្ជូនទៅរដ្ឋបាលព្រៃឈើ ចាត់ការបន្តទៀត៕