(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ចឹក ហេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រួមជានឹងសហការី ចុះសួរសុខទុក្ខ លោក តឿន រូកង់ ជាមន្ត្រីយោធាមានឋានន្តរស័ក្តិព្រិន្ទបាលទោ អាយុ ២៥ឆ្នាំ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ដែលបានទទួលរងគ្រោះដោយសារផ្ទុះមីនបណ្តាលឱ្យដាច់ជើងខាងស្តាំ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ខណៈពេលដែលរូបលោកចុះបំពេញភារកិច្ច នៅចំណុចអូរចាក់ច្រែង ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ សម្តែងនូវក្តីអាណិតអាសូរ និងចូលរួមសោកស្តាយបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះឧប្បទ្ទវហេតុ ដែលបានកើតមានឡើងចំពោះរូបលោក តឿន រូកង់ ក្នុងការបូជាកម្លាំងកាយ-ចិត្ត អង់អាចក្លាហាន តស៊ូការពារបូរណភាពដែនដីនៅតាម បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយមិនឱ្យបច្ចាមិត្តទាំងឡាយណាឈ្លានពានទឹកដីបានរឡើយ។
ដោយមានការគិតគូរ ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ជូននូវអំណោយមនុស្សធម៌ ដែលរួមមាន៖ ថវិកា៥លានរៀល មី២កេស ត្រីខ២០កំប៉ុង ទឹកដោះគោឆៅ ១កេសធំ ស្ករស៥គីឡូក្រាម និងឃីត១ (មុង ភួយ សារុង ក្រមា)។ ទន្ទឹមនឹងនោះដែរ លោក តឿន រូកង់ និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរពីសុខទុក្ខ និងផលលំបាករបស់ប្រជាពលរដ្ឋប្រកបដោយទឹកចិត្តមនុស្សធម៌ និងមិនលំអៀង ជាពិសេស គឺយុទ្ធជនដូចរូបលោកផ្ទាល់។
គួររំឮកផងដែរថាៈ លោក តឿន រូកង់ ធ្លាប់បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ម្តងរួចមកហើយ បន្ទាប់ពីរូបលោកបានបញ្ជូនមកកាន់មន្ទីរពេទ្យក្រោយពេលទទួលរងគ្រោះថ្នាក់ភ្លាមៗនោះ៕